ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សារបស់អាល្លឺម៉ង់បង្ហាញថា សុនកមានសមត្ថភាពហឺតដឹងជំងឺកូវីដ១៩ ពីអ្នកឆ្លងជំងឺបាន ប្រសិនមានការបណ្តុះបណ្តាលពួកវាត្រឹមត្រូវ

    BY autoadmin July 25, 2020
    ការសិក្សារបស់អាល្លឺម៉ង់បង្ហាញថា សុនកមានសមត្ថភាពហឺតដឹងជំងឺកូវីដ១៩ ពីអ្នកឆ្លងជំងឺបាន ប្រសិនមានការបណ្តុះបណ្តាលពួកវាត្រឹមត្រូវ

    យោងតាមការសិក្សារបស់សាកលវិទ្យាល័យបសុពេទ្យអាល្លឺម៉ង់បានឱ្យដឹងថា សត្វឆ្កែដែលមានការបណ្តុះបណ្តាលរយៈពេលពីរបីថ្ងៃ អាចកំណត់អត្តសញ្ញាណមនុស្សដែលឆ្លងជំងឺ COVID-19 បាន។ យោងតាមគម្រោងសាកល្បងដឹកនាំដោយសាកលវិទ្យាល័យបសុសាស្ត្រ Hannover បានឱ្យដឹងថា សត្វឆ្កែចំនួន ៨ក្បាល មកពីកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអាល្លឺម៉ង់ ត្រូវបានបណ្តុះបណ្តាលក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ ហើយពួកវាអាចកំណត់អត្តសញ្ញាណជំងឺ COVID-19 បានយ៉ាងត្រឹមត្រូវ ជាមួយនឹងអត្រាជោគជ័យ ៩៤ ភាគរយ។ នៅក្នុងការសិក្សានេះក្រុមអ្នកស្រាវជ្រាវបានឱ្យសត្វឆ្កែហឺតរកមើលមេរោគ COVID-19 តាមរយៈទឹកមាត់របស់មនុស្ស ទាំងអ្នកដែលមានសុខភាពល្អ និងឆ្លងជំងឺ COVID-19 ច្រើនជាង ១,០០០ នាក់។

    លោកស្រី Maren von Koeckritz-Blickwede សាស្រ្តាចារ្យនៅសាកលវិទ្យាល័យបាននិយាយនៅក្នុងវីដេអូតាមយូធូបមួយថា៖«យើងគិតថាការងារនេះដំណើរការ ព្រោះដំណើរការនៃមេតាប៉ូលីសក្នុងរាងកាយរបស់អ្នកជំងឺមានការផ្លាស់ប្តូរទាំងស្រុង។ យើងគិតថាសុនកអាចរកឃើញក្លិនយ៉ាងជាក់លាក់មួយ»។ អ្នកស្រាវជ្រាវបាននិយាយថា សុនកមានញាណក្នុងការហឺតក្លិនដល់ទៅ ១,០០០ដង ច្បាស់ជាងមនុស្ស ដែលវាអាចត្រូវបានគេដាក់ពង្រាយដើម្បីរកមើលមេរោគ COVID-19 នៅតាមកន្លែងដូចជា៖ ព្រលានយន្តហោះ ច្រកព្រំដែន និងព្រឹត្តិការណ៍កីឡា ជាមួយនឹងការបណ្តុះបណ្តាលត្រឹមត្រូវ។ ការសិក្សានេះត្រូវបានធ្វើឡើងរួមគ្នាជាមួយកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ សាលាបសុសាស្ត្រ Hannover និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យ Hamburg-Eppendorf ។ លោកស្រីសាស្រ្តាចារ្យនិយាយថា ជំហ៊ានបន្ទាប់គឺត្រូវបង្ហាត់ឆ្កែឱ្យចេះញែកជំងឺ COVID-19 ពីជំងឺផ្សេងៗទៀតដូចជាផ្តាសាយជាដើម៕

    អត្ថបទ៖ លីដា
    ប្រភព៖ Bloomberg

    Share This Post: