ថ្ងៃនេះលោក អាបេ ស៊ីនហ្សូ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ ជុំវិញការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីជប៉ុនរបស់លោក
លោក ស៊ីនហ្សូ អាបេ និងលោក ដូណាល់ ត្រាំ បានពិភាក្សាគ្នាតាមទូរស័ព្ទជុំវិញការសម្រេចចិត្តរបស់លោក អាបេ នៅក្នុងការលាលែងពីតំណែងជានាយករដ្ឋមន្រ្តីជប៉ុន ហើយកិច្ចពិភាក្សានេះត្រូវបានគេជឿជាក់ថា បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ពួកគេដែលនឹងនៅតែបន្ត។ លោក អាបេ និងលោក ត្រាំ បានជជែកគ្នាប្រហែល ៣០នាទី នៅម៉ោង ១០ព្រឹក (ម៉ោងនៅជប៉ុន) នៅថ្ងៃច័ន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ នេះផ្ទាល់តែម្ដង ហើយគេជឿថា លោក អាបេ បានអរគុណលោក ត្រាំ ចំពោះទំនាក់ទំនងល្អដែលពួកគេបានកសាងកន្លងមក។

លោកទាំង ២ ក៏ទំនងជាបានបញ្ជាក់ពីសារសំខាន់នៃមិត្តភាព ជប៉ុន-អាមេរិក និងកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងជិតស្និទ្ធនៅក្នុងវិស័យផ្សេងៗ ដូចជាការឆ្លើយតបនឹងជំងឺ COVID-19 និងសន្តិសុខ។ រំលឹកដែរថា បន្ទាប់ពីបានដឹងដំណឹងលាលែងរបស់លោក ស៊ីនហ្សូ អាបេ កាលពីថ្ងៃសុក្ររួចមក លោក ដូណាល់ ត្រាំ បាននិយាយថា លោកគោរពការសម្រេចចិត្តនោះ ហើយបានហៅលោក អាបេ ថាជា “មិត្តដ៏អស្ចារ្យម្នាក់” ។ លោកបានប្រាប់អ្នកយកព័ត៌មានថា លោកមានអារម្មណ៍សោកស្ដាយចំពោះការលាលែងរបស់លោក អាបេ ដោយសារតែនាយករដ្ឋមន្រ្តីរូបនេះស្រឡាញ់ប្រទេសជាតិខ្លាំងណាស់។
ប្រធានលេខាធិការខុទ្ទកាល័យលោក Suga Yoshihide បានប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សានេះគឺជាសញ្ញានៃចំណងរឹងមាំរវាងមេដឹកនាំទាំង ២ ហើយលោក ស៊ីនហ្សូ អាបេ ក៏គ្រោងនឹងជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នៅល្ងាចថ្ងៃច័ន្ទនេះផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK