វៀតណាមនឹងធ្វើការពិន័យរាល់អ្នកលក់ណា ដែលលក់គ្រឿងស្រវឹងឱ្យក្មេងអាយុក្រោម ១៨ឆ្នាំ
យោងតាមសារព័ត៌មាន VNexpress បានឱ្យដឹងថា វៀតណាមបានកំណត់ថា នរណាក៏ដោយដែលលក់ស្រាបៀរដល់ក្មេងអាយុក្រោម ១៨ឆ្នាំ នឹងត្រូវពិន័យ ៥០០,០០០ ទៅ ១លានដុង (២២-៤៣ ដុល្លារ) ក្រោមក្រឹត្យថ្មីរបស់រដ្ឋាភិបាល ដែលវានឹងចូលជាធរមាននៅថ្ងៃទី១៥ ខែតុលា ឆាប់ៗខាងមុខនេះហើយ។ ការពិតទៅវៀតណាមធ្លាប់មានការរឹតត្បឹតលើការលក់គ្រឿងស្រវឹងនេះដែរ ប៉ុន្តែក្រឹត្យកាលពីឆ្នាំ២០១៣ បានដាក់ទណ្ឌកម្មតែការលក់ជាតិអាកុលដល់មនុស្សមិនទាន់គ្រប់អាយុ ប៉ុន្តែមិនបានរឹតត្បឹតលើស្រាបៀរនោះទេ។

នេះមានន័យថា អ្នកផលិតស្រាបៀរត្រូវបញ្ជាក់ការរឹតត្បឹតនេះដល់អ្នកលក់ ហើយអ្នកលក់មានតួនាទីពិនិត្យអាយុរបស់អ្នកទិញ។ ការផាកពិន័យអាចកើនឡើងដល់ ៣-៥ លានដុង សម្រាប់ការលក់គ្រឿងស្រវឹង និងស្រាបៀរតាមរយៈម៉ាស៊ីនលក់ ឬនៅទីតាំងហាមឃាត់ ដូចជាគ្រឹះស្ថានអប់រំ និងកន្លែងកម្សាន្តសម្រាប់ពលរដ្ឋអាយុក្រោម ១៨ឆ្នាំ។ អ្នកដែលជួលបុគ្គលិកអាយុក្រោម ១៨ឆ្នាំ មកធ្វើជាកម្មករផលិត និងលក់ភេសជ្ជៈមានជាតិអាល់កុល ក៏នឹងត្រូវពិន័យជាប្រាក់ពី ៣-៥ លានដុង (១៣០-២១៥ដុល្លារ) ផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress