ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានបញ្ជាឱ្យមេគយរបស់ហ្វីលីពីន ធ្វើការបាញ់សម្លាប់ពួកជួញដូរគ្រឿងញៀន ហើយថាគាត់នឹងជួយមិនឱ្យជាប់គុកនោះទេ

    BY autoadmin September 1, 2020
    លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានបញ្ជាឱ្យមេគយរបស់ហ្វីលីពីន ធ្វើការបាញ់សម្លាប់ពួកជួញដូរគ្រឿងញៀន ហើយថាគាត់នឹងជួយមិនឱ្យជាប់គុកនោះទេ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Associated Press បានឱ្យដឹងថា ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) បានចេញបញ្ជាជាសាធារណៈដល់មន្រ្តីគយកំពូលរបស់ប្រទេស ឱ្យធ្វើការបាញ់ និងសម្លាប់ពួកអ្នករត់ពន្ធគ្រឿងញៀន ដែលការប្រកាសនេះជាការគំរាមកំហែងសាហាវបំផុតមួយ ចាប់តាំងពីរូបគាត់បានដឹកនាំប្រទេសក្នុងរយៈពេល ៤ឆ្នាំ មកនេះ។ លោកបដិសេធជាដាច់ខាតចំពោះការសម្លាប់ក្រៅប្រព័ន្ធច្បាប់ ប៉ុន្តែបានគំរាមម្តងហើយម្តងទៀត និងជាចំហ ដល់អ្នកជួញដូរគ្រឿងញៀនទាំងឡាយ ជាមួយនឹងការបាញ់សម្លាប់។

    លោក Rodrigo Duterte បានចេញបទបញ្ជាទៅកាន់ប្រធានការិយាល័យគយលោក Rey Leonardo Guerrero នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ ដែលស្រង់ចេញពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីស្តីពីជំងឺ COVID-19 នៅយប់ថ្ងៃច័ន្ទ។ លោក Rey Leonardo Guerrero ដែលជាឧត្តមសេនីយយោធាចូលនិវត្តន៍ និងជាអតីតមេបញ្ជាការយោធារូបនោះ ក៏មិនបាននៅក្បែរលោក Rodrigo Duterte នៅពេលដែលគាត់កំពុងនិយាយទេ ប៉ុន្តែលោកប្រធានាធិបតីបាននិយាយថា លោកបានជួបលោក Guerrero និងមន្រ្តីពីរនាក់ផ្សេងទៀតកាលពីថ្ងៃច័ន្ទ នៅឯវិមានប្រធានាធិបតីក្នុងទីក្រុងម៉ានីល។

    លោក Rodrigo Duterte បាននិយាយថា៖«គ្រឿងញៀននៅតែហូរចូលក្នុងប្រទេសតាមរយៈគយ»។ លោកបានបន្ថែមទៀតថា លោកបានយល់ព្រមលើសំណើរបស់លោក Guerrero ចំពោះការប្រើអាវុធ ដោយបាននិយាយទៅកាន់មេគយរូបនោះថា ៖«ខ្ញុំបានយល់ព្រមលើការទិញអាវុធ ហើយរហូតមកដល់ពេលនេះអ្នកនៅមិនទាន់បាញ់បានសូម្បីតែម្នាក់ទេឬ? លោក Rodrigo Duterte បាននិយាយដោយត្រង់ៗថា «ឱ្យប្រើវាទៅ» ហើយលោកនឹងជួយមិនឱ្យគាត់ជាប់គុកនោះទេ ប្រសិនបើការបាញ់សម្លាប់ទៅលើពួកជួញដូរគ្រឿងញៀន៕

    អត្ថបទ៖ លីដា
    ប្រភព៖ Associated Press

    Share This Post: