សេតវិមានច្រានចោលការបារម្ភរបស់ WHO ដែលមានមន្ទិលជុំវិញការសម្រេចរបស់អាមេរិកឱ្យចេញវ៉ាក់សាំងកូវីដ១៩ ទាំងមិនទាន់បញ្ចប់ការសាកល្បងចុងក្រោយ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា សេតវិមាននៅថ្ងៃអង្គារបានច្រានទៅវិញចំពោះការព្រួយបារម្ភរបស់អង្គការសុខភាពពិភពលោក (WHO) បន្ទាប់ពីមន្រ្តីសុខភាពអាមេរិកម្នាក់បាននិយាយថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 អាចត្រូវបានអនុម័តដោយមិនចាំបាច់បញ្ចប់ការសាកល្បងចុងក្រោយ។

អ្នកនាំពាក្យសេតវិមានលោក Judd Deere បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សហរដ្ឋអាមេរិកនឹងបន្តចូលរួមជាមួយដៃគូអន្តរជាតិរបស់យើង ដើម្បីធានាថាយើងកម្ចាត់វីរុសនេះ ប៉ុន្តែយើងនឹងមិនត្រូវមានការបង្អាក់ដោយអង្គការពហុភាគីពុករលួយ អង្គការសុខភាពពិភពលោក និងប្រទេសចិនឡើយ»។
លោកបានមានប្រសាសន៍ថា៖«ប្រធានាធិបតីនេះ (ដូណាល់ត្រាំ) នឹងចំណាយប្រាក់តាមដែលអាចទៅបាន ដើម្បីធានាថាវ៉ាក់សាំងថ្មី ស្របតាមស្តង់ដារមាសរបស់ FDA របស់យើង ទាំងសុវត្ថិភាព និងប្រសិទ្ធភាព ហើយត្រូវបានធ្វើតេស្តយ៉ាងហ្មត់ចត់ និងអាចជួយសង្គ្រោះជីវិតមនុស្ស»៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia