មេធាវីរបស់ខ្សែប្រយុទ្ធ Mo Salah ដាក់ពាក្យបណ្ដឹងទៅកាន់ Fifa ប្ដឹង Ramos ទាមទារសំណង 1000លានអឺរ៉ូ ពីបទមានចេតនាធ្វើអោយ Salah មានរបួស
- May 30, 2018
មេធាវីរបស់ខ្សែប្រយុទ្ធ Mohamed Salah សម្រេចចិត្តដាក់ពាក្យបណ្ដឹងប្ដឹងខ្សែការពារ Sergio Ramos ទារសំណង 1,000លានអឺរ៉ូ បន្ទាប់ពីខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះធ្វើអោយខ្សែប្រយុទ្ធ Mohamed Salah រងរបួសបាក់ឆ្អឹងស្មារកាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League វគ្គផ្ដាច់ព្រ័ត្រ។

ក្រោយពេល Salah មានការប៉ះទង្គិចជាមួយនឹងខ្សែការពារ Sergio Ramos រួចមកខ្សែប្រយុទ្ធ Salah មានការឈឺចាប់យ៉ាងខ្លាំងត្រង់ស្មារខាងធ្វេងរបស់គេ។ ខ្សែប្រយុទ្ធ Salah បានដាច់សរសៃពួរជុំវិញសន្លាក់ស្មាររបស់គេដែលធ្វើអោយ Salah មិនបានជួយ Liverpool លេងដល់ចប់ការប្រកួតជាពិសេស Salah ត្រូវបានគ្រូពេទ្យប្រាប់ថារបួសរបស់គេអាចនឹងអវត្តមានជាមួយនឹងប្រទេសអេស្ស៊ីបក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup ដែលប្រព្រឹតិ្តឡើងនៅក្នុងប្រទេសរុស្សីនាថ្ងៃទី 14 ខែមិថុនា ខាងមុខនេះ។
ម្ចាស់ពានរង្វាន់ស្បែកជើងមាសរបស់លីគកំពូល Premier League បានបង្ហោះសារកាលពីថ្ងៃច័ន្ទកន្លងទៅថារូបគេជឿលើអភូតហេតុហើយរូបគេនឹងបង្ហាញខ្លួននៅក្នុងការប្រកួតពានរង្វាន់ Fifa World Cup ខាងមុខនេះ។ ប៉ុន្ដែទោះបីជា Salah បានបង្ហោះសារបែបនេះក៏ដោយ ក៏មិនអាចធ្វើអោយកំហឹងមេធារី Bassem Wahba របស់ខ្សែប្រយុទ្ធ Mohamed Salah បាត់ដែរ។
លោក Bassem Wahba ដែលជាមេធាវីរបស់ខ្សែប្រយុទ្ធ Mohamed Salah បានដាក់ពាក្យបណ្ដឹងប្ដឹងខ្សែការពារ Ramos ទាមទារសំណង 1,000លានអឺរ៉ូ ពីបទមានចេតនាធ្វើអោយខ្សែប្រយុទ្ធ Salah របួសហើយដែលជាហេតុធ្វើអោយប៉ះពាល់ដល់រូបរាងកាយនិងផ្លូវចិត្តរបស់ប្រជាជនអេស្ស៊ីប។
លោក Bassem Wahba បានលើកឡើងថា៖ Ramos មានចេតនាធ្វើអោយ Mo Salah មានរបួសហើយសហព័ន្ធបាល់ទាត់ពិភពលោកគួរតែដាក់ទណ្ឌកម្មចំពោះសកម្មភាពរបស់គាត់។ ខ្ញុំបានប្តឹងនិងបណ្តឹងទៅកាន់ FIFA រួចរាល់ហើយ។ ខ្ញុំនឹងស្នើសុំទាមទារសំណងដែលអាចលើសពី 1 ពាន់លានអឺរ៉ូសម្រាប់គ្រោះថ្នាក់ខាងផ្លូវកាយនិងផ្លូវចិត្តដែលខ្សែការពារ Sergio Ramos បានផ្តល់ឱ្យ Salah និងប្រជាជនអេស្ស៊ីប។


បុត្រ
ប្រភព៖ Goal
- Share This Post:






