ប្រទេសកូរ៉េខាងជើង និងខាងត្បូង កំពុងធ្វើការព្រមានពីព្យុះទីហ្វុង ខណៈព្យុះម៉ៃសាក់កំពុងធ្វើដំណើរសំដៅមកឧបទ្វីបកូរ៉េ
ជើងហោះហើរក្នុងស្រុកនៅកូរ៉េខាងត្បូងប្រមាណ ៣០០ ត្រូវបានផ្អាកវិញភ្លាមៗ បន្ទាប់ពីមានការព្រមានពីព្យុះទីហ្វុង Maysak នៅថ្ងៃពុធ ទី០២ ខែកញ្ញានេះ ដែលវាកំពុងបក់សំដៅមករកឧបទ្វីបកូរ៉េទាំង២ ហើយវាត្រូវបានគេនិយាយថា ជាព្យុះដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឥឡូវនេះវាកំពុងធ្វើដំណើរមកកោះ Jeju ដែលនឹងអាចមានខ្យល់កន្ទ្រាក់ល្បឿង ១៦២គីឡូម៉ែត្រ/ម៉ោង។

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Chung Sye-kyun បាននិយាយថា ព្យុះត្រូវបានគេព្យាករណ៍ថា នឹងមានកម្លាំងប្រហាក់ប្រហែលនឹងព្យុះទីហ្វុង Maemi ដែលបានបណ្តាលឱ្យមនុស្ស ១៣១នាក់ស្លាប់ និងខូចខាតទ្រព្យសម្បត្តិជាង ៤ទ្រីលានវុន (៣ពាន់លានដុល្លារ)។ គួរឱ្យដឹងដែរថា ព្យុះ Maysak គឺយកឈ្មោះតាមដើមម៉ៃសាក់របស់កម្ពុជា ហើយវារំពឹងថានឹងធ្វើឱ្យមានការបាក់ដីនៅល្ងាចថ្ងៃពុធ នៅក្រុង Busan បន្ទាប់មកធ្វើដំណើរឆ្ពោះទៅផ្នែកខាងកើតនៃឧបទ្វីបកូរ៉េ មុនពេលធ្វើដំណើរឆ្ពោះទៅភាគខាងជើងចូលសមុទ្រជប៉ុន ដែលត្រូវបានគេស្គាល់ថា សមុទ្រខាងកើតនៅក្នុងប្រទេសកូរ៉េ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia