មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) បានប្រាប់ឱ្យរដ្ឋទាំង ៥០ របស់ខ្លួន ត្រៀមទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ១៩ឆាប់ៗនេះ
ប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺសហព័ន្ធ (CDC) បានជូនដំណឹងទៅអាជ្ញាធរសុខាភិបាលក្នុងរដ្ឋទាំង៥០ថា ពួកគេអាចរំពឹងនឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលអាចរកបាននៅចុងខែតុលា ដល់ដើមខែវិច្ឆិកា។ កាសែតញូវយ៉កថែមស៍បានរាយការណ៍ថា CDC បានចេញសេចក្តីណែនាំសម្រាប់មន្រ្តីសុខភាពសាធារណៈ ដើម្បីត្រៀមចែកចាយវ៉ាក់សាំងឱ្យបានឆាប់នៅចុងខែតុលា ឬដើមខែវិច្ឆិកា។

ទូរទស្សន៍ ABC ក៏បានរាយការណ៍ផងដែរថា CDC បានបញ្ជូនឯកសារចុះថ្ងៃទី២៧ ខែសីហា ទៅកាន់មន្ទីសុខាភិបាល ស្នើសុំឱ្យពួកគេធ្វើ ឬរៀបចំឱ្យបានឆាប់រហ័ស ដើម្បីឱ្យកន្លែងចាក់វ៉ាក់សាំងត្រៀមរួចរាល់នៅថ្ងៃទី០១ ខែវិច្ឆិកា។ វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលកំពុងត្រូវបានអភិវឌ្ឍមិនទាន់បានឆ្លងផុតដំណាក់កាលចុងក្រោយនៃការសាកល្បងគ្លីនិកនៅឡើយទេ ប៉ុន្តែប្រទេសចិននិងរុស្ស៊ីបានអនុញ្ញាតការប្រើប្រាស់របស់ពួកគេ ហើយអាជ្ញាធរអាមេរិកក៏បានណែនាំថា នឹងអនុម័តការប្រើប្រាស់វ៉ាក់សាំងជាបន្ទាន់ដូចគ្នា។
ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានលើកឡើងពីការព្រួយបារម្ភក្នុងចំណោមអ្នកជំនាញថា វ៉ាក់សាំងអាចត្រូវបានចែកចាយមុនពេលពិនិត្យឱ្យបានគ្រប់គ្រាន់អំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់ពួកវា ក្រោមសម្ពាធពីប្រធានាធិបតី ដូណាល់ ត្រាំ ដែលចង់បង្ហាញសមិទ្ធិផលប្រឆាំងនឹងមេរោគឆ្លងរបស់គាត់ ក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកា៕



អត្ថបទ៖ លីដា
ប្រភព៖ NHK