The Rock និងក្រុមគ្រួសារ ត្រូវបានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ ១៩
កំពូលតារាសម្តែងលំដាប់ពិភពលោកគឺលោក Dwayne Johnson ឬ ប្រិយមិត្តមួយចំនួនតែងហៅគាត់ថា The Rock បានប្រកាសជាសាធារណៈថា រូបគាត់ត្រូវបានធ្វើតេស្តជាមួយនិងជំងឺកូវីដ ១៩ ហើយ។ ដំណឹងនេះត្រូវបានធ្វើឡើងតាមរយៈគណនី Instagram ផ្លូវការរបស់ The Rock ហើយរូបលោកគឺជាអ្នកធ្វើសេចក្តីប្រកាសនេះដោយផ្ទាល់តែម្តង។ តាមរយៈវីដេអូផ្លូវការនោះ The Rock បានឲ្យដឹងថា មិនមែនមានតែគាត់ទេដែលបានឆ្លងនូវជំងឺកូវីដ ១៩ តែសមាជិកនៅក្នុងគ្រួសាររបស់គាត់មួយចំនួនទៀតមានទាំងប្រពន្ធនិងកូនតូចៗផង ក៏បានឆ្លងនូវជំងឺនេះដូចនេះផងដែរ។

ក្រៅតែពីបានជូនដំណឹងអំពីបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់គាត់ The Rock ក៏បានឆ្លៀតពេលអំពាវនាវឲ្យប្រជាពលរដ្ឋនិងអ្នកគាំទ្ររបស់គាត់ទាំងអស់ត្រូវបន្តអនុវត្តវិធានការអនាម័យឲ្យបានត្រឹមត្រូវដូចជាពាក់ម៉ាស់ រក្សាគំលាតសង្គម និងកាត់បន្ថយការជួបជុំដែលមិនចាំបាច់ជាដើម ដើម្បីកាត់បន្ថយអត្រានៃការចម្លងជំងឺកូវីដ ១៩ ឲ្យនៅកម្រិតទាបបំផុត។ ក្រោយមានការជូនដំណឹងនេះ មានប្រិយមិត្តអ្នកគាំទ្រ The Rock ជាច្រើនបង្ហោះសារតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីលើកទឹកចិត្តនិងជូនពរឲ្យតារាសម្តែងដ៏មានប្រជាប្រិយភាពរូបនេះឆាប់ជាសះស្បើយពីជំងឺផងដែរ៕

អត្ថបទ៖ភក្តី
ប្រភព៖ Tmz