សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មប្រឆាំងមន្ត្រីរបស់ ICC ជុំវិញការស៊ើបអង្កេតលើមនុស្សរបស់អាមេរិក
រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) សម្រាប់ការស៊ើបអង្កេតរបស់ពួកគេលើមនុស្សរបស់អាមេរិក។ លោក Pompeo បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្ដោតលើព្រះរាជអាជ្ញា ICC អ្នកស្រី Fatou Bensouda និងលោក Phakiso Mochochoko ប្រធានផ្នែកយុត្តាធិការភាពយុត្តិធម៍ និងសហប្រតិបត្តិការនៃ ICC ដោយសារថា ICC នៅតែបន្តផ្តោតគោលដៅលើជនជាតិអាមេរិក។

លោកបានមានប្រសាសន៍ថា៖«បុគ្គលនិងអង្គភាពដែលនៅតែបន្តគាំទ្រដល់បុគ្គលទាំងនោះ ក៏មានហានិភ័យប្រឈមនឹងការដាក់ទណ្ឌកម្មដូចគ្នា»។ លោកបានបន្ថែមថា ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានរឹតត្បិតទិដ្ឋាការរបស់បុគ្គលដែលចូលរួមក្នុងកិច្ចប្រឹងប្រែងរបស់ ICC ដើម្បីស៊ើបអង្កេតពលរដ្ឋអាមេរិកសហរដ្ឋអាមេរិកផងដែរ។ លោក Pompeo បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងមិនអត់ធ្មត់ចំពោះការប៉ុនប៉ងខុសច្បាប់របស់ ICC ក្នុងការដាក់ជនជាតិអាមេរិកទៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ។
គួរឱ្យដឹងដែរថាតុលាការ ICC កាលពីខែមីនា បានអនុញ្ញាតឱ្យមានការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាម ដែលអាចកើតមាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រួមទាំងឧក្រិដ្ឋកម្មដែលអាចត្រូវបានប្រព្រឹត្តដោយយោធាសហរដ្ឋអាមេរិក និង CIA ដែលអាចនាំឱ្យមានការចោទប្រកាន់បុគ្គលិកយោធា និងអ្នកស៊ើបការអាមេរិក។ លោក ដូណាល់ ត្រាំ កាលពីខែមិថុនា ក៏បានអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងមន្ត្រី ICC ដែលបានចូលរួមក្នុងការស៊ើបអង្កេតលើមនុស្សរបស់អាមេរិក ដែលធ្វើឱ្យមានការប្រឆាំងពីសហគមន៍អន្តរជាតិ និងសម្ព័ន្ធមិត្តមួយចំនួនរបស់សហរដ្ឋអាមេរិក៕



អត្ថបទ៖ លីដា
ប្រភព៖ ស៊ីនហួរ