គិតមកទល់ពេលនេះវៀតណាមមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១,០៤៦នាក់ និងការស្លាប់សរុប ៣៥នាក់
តាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានឱ្យដឹងថា វៀតណាមបានកត់ត្រាករណីស្លាប់ដោយសារជំងឺ COVID-19 ទី៣៥ របស់ខ្លួន ដែលជាស្ត្រីអាយុ ៨៣ឆ្នាំម្នាក់ នៅកណ្តាលទីក្រុង Da Nang នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ស្ត្រីចំណាស់រូបនោះមានជំងឺជាប់ខ្លួនស្រាប់ រួមមានខ្សោយតំរងនោមរ៉ាំរ៉ៃ ជំងឺលើសឈាម និងហូរឈាមក្នុងក្រពះពោះវៀន។ គាត់បានស្លាប់ដោយសារឆ្លងជំងឺ COVID-19 ដែលបណ្ដាលឱ្យមានជំងឺរលាកសួតធ្ងន់ធ្ងរ និងឆ្លងមេរោគក្នុងឈាម។

គាត់បានស្លាប់ពេលកំពុងទទួលការព្យាបាលជំងឺ COVID-19 នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រស្រុក Hoa Vang ។ គួរឱ្យដឹងដែរថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ចំនួន ១,០៤៦ ករណី ហើយគិតមកដល់ពេលនេះគឺមានអ្នកជំងឺ ២៦២ នៅកំពុងសម្រាកព្យាបាល។ ភាគច្រើននៃអ្នកស្លាប់ដោយសារជំងឺ COVID-19 ទាំងអស់ គឺដោយសារតែពួកគាត់មានជំងឺជាប់ខ្លួនស្រាប់ ដូចជាខ្សោយតំរងនោម មហារីក និងទឹកនោមផ្អែម៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress