អង្គការសុខភាពពិភពលោក រំពឹងនឹងមានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅពាក់កណ្ដាលឆ្នាំ២០២១
អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនរំពឹងថាវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 នឹងអាចរកបានដោយស្មើភាពគ្នា នៅមុនពាក់កណ្តាលឆ្នាំ២០២១។ កាលពីថ្ងៃសុក្រ ប្រធានអ្នកវិទ្យាសាស្ត្រ Soumya Swaminathan បាននិយាយថា វ៉ាក់សាំងនឹងត្រូវចែកចាយតាមក្របខ័ណ្ឌអន្តរជាតិ ដែលត្រូវបានផ្តល់មូលនិធិដោយប្រទេសជប៉ុន អង់គ្លេស និង ៧៦ ប្រទេសផ្សេងទៀត។ អ្នកស្រីបាននិយាយថា វ៉ាក់សាំងសក្ដានុពលកំពុងត្រូវបានសាកល្បងនៅក្នុងប្រទេសជាច្រើន ដោយថ្នាំមួយចំនួនស្ថិតក្នុងដំណាក់កាលទី៣ហើយ។ អ្នកស្រីបាននិយាយថា លទ្ធផលរំពឹងទុកនៅដំណាច់ឆ្នាំនេះ ឬដើមឆ្នាំ២០២១។

លោក Bruce Aylward ជំនួយការអគ្គនាយករងនៃអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថាមានរឿងខ្លះដែលអាចបង្កើនល្បឿនបានប៉ុន្តែរឿងខ្លះទៀតមិនអាចកើតឡើងដោយសារតម្រូវការបញ្ជាក់ពីសុវត្ថិភាពនិងប្រសិទ្ធភាព។ ប្រទេសខ្លះកំពុងធ្វើការដើម្បីចាក់វ៉ាក់សាំងមុនពេលការចេញលក់ជាសកល។


អត្ថបទ៖ លីដា
ប្រភព៖ NHK