ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនធានាផ្តល់វ៉ាក់សាំងកូវីដ១៩រាប់រយលានដូស ឱ្យពលរដ្ឋគ្រប់គ្នាដោយឥតគិតថ្លៃ ហើយថែមទាំងទូទាត់សំណងឱ្យវិញទៀត ប្រសិនបើវ៉ាក់សាំងមានបញ្ហា

    BY autoadmin September 5, 2020
    ជប៉ុនធានាផ្តល់វ៉ាក់សាំងកូវីដ១៩រាប់រយលានដូស ឱ្យពលរដ្ឋគ្រប់គ្នាដោយឥតគិតថ្លៃ ហើយថែមទាំងទូទាត់សំណងឱ្យវិញទៀត ប្រសិនបើវ៉ាក់សាំងមានបញ្ហា

    យោងតាមការចុះផ្សាយរបស់ការសែតជប៉ុន The Asahi Shimbun នាថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០ បានរាយការណ៍ថា ជប៉ុននឹងធានាការចំណាយថវិកាក្នុងការផ្តល់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដល់ពលរដ្ឋរបស់ខ្លួន ព្រោះរដ្ឋាភិបាលមានគោលបំណងសម្រាប់ការទប់ស្កាត់ដ៏ទូលំទូលាយប្រឆាំងនឹងរោគរាតត្បាត។ រដ្ឋាភិបាលក៏បាននិយាយដែរថា ខ្លួនគ្រោងនឹងបង្កើតមូលនិធិដើម្បីទូទាត់សំណងដល់ពលរដ្ឋ សម្រាប់ផលប៉ះពាល់ដែលអាចកើតមានបន្ទាប់ពីទទួលវ៉ាក់សាំងផងដែរ។

    ផែនការនេះត្រូវបានគូសបញ្ជាក់នៅក្នុងឯកសារមួយចំនួន ដែលបានចែកចាយនៅឯសន្និសីទកាសែតមួយ ដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចលោក Yasutoshi Nishimura ដែលជាអ្នកដឹកនាំការឆ្លើយតបនឹងជំងឺ COVID-19 នេះ។ ចំណែកនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ក៏បានសន្យាដែរថា រដ្ឋាភិបាលនឹងធានាជូននូវវ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ សម្រាប់ពលរដ្ឋជប៉ុនគ្រប់គ្នានៅពាក់កណ្តាលឆ្នាំក្រោយ។

    គួរឱ្យដឹងដែរថាប្រទេសជប៉ុនបានធ្វើកិច្ចព្រមព្រៀងទ្វេភាគី ជាមួយក្រុមហ៊ុនឱសថនៅក្រៅប្រទេស ដើម្បីធានាមានវ៉ាក់សាំងរាប់រយលានដូសសម្រាប់ពលរដ្ឋ។ ជប៉ុនក៏បានយល់ព្រមចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសុខភាពពិភពលោក (COVAX) ដែលមានគោលបំណងដើម្បីទិញ និងចែកចាយវ៉ាក់សាំងឱ្យបានស្មើភាពគ្នា។ ជាមួយនឹងករណីជាង ៧ម៉ឺន និងអ្នកស្លាប់ ១,៣៣៤នាក់ ប្រទេសជប៉ុនបានគ្រប់គ្រងជំងឺរាតត្បាតនេះ ប្រសើរជាងប្រទេសជាច្រើនទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Asahi Shimbun

    Share This Post: