ក្រុមអ្នកស្រាវជ្រាវជប៉ុនមានគម្រោងផលិតថ្នាំព្យាបាលជំងឺកូវីដ១៩ ធ្វើពីអង្គបដិប្រាណអ្នកជំងឺពីមុន សម្រាប់ផ្ដោតលើអ្នកដែលប្រើវ៉ាក់សាំងមិនត្រូវ
ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុនមួយក្រុម មានគម្រោងបង្កើតថ្នាំដើម្បីព្យាបាលជំងឺ COVID-19 ដោយប្រើអង្គបដិប្រាណពីមនុស្ស ដែលបានជាសះស្បើយពីជំងឺឡើងវិញ។ ក្រុមដឹកនាំដោយសាស្រ្តាចារ្យលោក Takagi Motoki នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រហ្វូគូស៊ីម៉ា បានពន្យល់ពីគម្រោងនេះនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទ។ ពួកគេមានគម្រោងអភិវឌ្ឍថ្នាំដោយប្រើអង្គបដិប្រាណ ដែលជាប្រូតេអ៉ីនរកឃើញនៅក្នុងឈាមរបស់មនុស្សដែលបានជាសះស្បើយពីជំងឺ COVID-19 ពីមុន។ អង្គបដិប្រាណបែបនេះអាចបញ្ឈប់វីរុសពីការរីករាលដាល ដូច្នេះថ្នាំណាមួយដែលបានបង្កើតពីវា ត្រូវបានគេរំពឹងថានឹងមានប្រសិទ្ធភាពខ្ពស់។

ក្រុមនេះបានបង្កើតនូវបច្ចេកវិទ្យាដែលអាចរកឃើញអង្គបដិប្រាណផ្សេងៗក្នុងពេលតែមួយក្នុងបរិមាណឈាមតិចតួច។ គិតមកទល់ពេលនេះមានមនុស្សប្រហែល ៤០នាក់ បានផ្តល់សំណាកឈាមរបស់ពួកគេសម្រាប់ការវិភាគ។ ក្រុមអ្នកស្រាវជ្រាវមានគោលបំណងប្រមូលសំណាកមនុស្ស ១០០នាក់ ដែលពួកគេសង្ឃឹមថានឹងទទួលបានប្រភេទអង្គបដិប្រាណដែលត្រូវការ។ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃច័ន្ទ អ្នកស្រាវជ្រាវបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពីមនុស្ស ដែលបានជាសះស្បើយពីជំងឺនេះ។
នៅពេលដែលពួកគេទទួលបានអង្គបដិប្រាណដែលត្រូវការ ពួកគេមានគម្រោងចម្លង និងផលិតវា។ ពួកគេនិយាយថា ថ្នាំនេះនឹងមានប្រសិទ្ធភាពសម្រាប់មនុស្សដែលវ៉ាក់សាំងមិនមានប្រសិទ្ធភាពជាមួយ។ គួរឱ្យដឹងដែរថា ជំងឺ COVID-19 កំពុងត្រូវបានព្យាបាលជាចម្បងជាមួយថ្នាំដែលផលិតសម្រាប់ជំងឺដទៃទៀត ដោយសារវាមិនទាន់មានវ៉ាក់សាំទូលំទូលាយទេ។ សាស្រ្តាចារ្យលោក Takagi បានសង្កត់ធ្ងន់លើគោលបំណងរបស់ក្រុមគាត់ក្នុងការអភិវឌ្ឍថ្នាំ ដែលមានមូលដ្ឋានលើអង្គបដិប្រាណ ដោយកត់សម្គាល់ថា ថ្នាំដែលកំពុងប្រើប្រាស់ និងវ៉ាក់សាំង នឹងមិនគ្រប់គ្រាន់ដើម្បីជួយមនុស្សគ្រប់គ្នាទេ៕



អត្ថបទ៖ លីដា
ប្រភព៖ NHK