កីឡា

កីឡាករ Kylian Mbappe ត្រូវខកខានការប្រកួតតទល់នឹងជម្រើសជាតិក្រូអាត បន្ទាប់ពីបានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩

BY
autoadmin
September 8, 2020

សហព័ន្ធបាល់ទាត់បារាំង (FFF) បានប្រកាសកាលពីថ្ងៃច័ន្ទថា តារាបាល់ទាត់បារាំង Kylian Mbappe បានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ចំពេលខ្លួនត្រូវបំពេញកាតព្វកិច្ចជាអន្តរជាតិ។ FFF បាននិយាយថា Mbappe បានធ្វើតេស្តមួយនៅព្រឹកថ្ងៃច័ន្ទ ហើយជាលទ្ធផលគាត់បានវិជ្ជមានជាមួយជំងឺ COVID-19 ដូច្នេះហើយគាត់មិនអាចលេងឱ្យក្រុមជម្រើសជាតិបារាំងនោះទេ។ គួរឱ្យដឹងដែរថា ក្រុមជម្រើសជាតិបារាំងគ្រោងនឹងបើកទ្វារទទួលស្វាគមន៍ជម្រើសជាតិក្រូអាតនៅថ្ងៃអង្គារនេះ នៅក្នុងការប្រកួត UEFA Nations League ។

កីឡាករវ័យ ២១ឆ្នាំរូបនេះ គឺជាកីឡាករទី៧ របស់ក្លឹប Paris Saint-Germain ដែលបានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ជាស្ដែងកីឡាករ Neymar ក៏ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងចំណោមមនុស្សទាំង ៦នាក់ផ្សេងទៀត ដែលបានតេស្ដវិជ្ជមានកាលពីសប្តាហ៍មុន។ Mbappe បានលេងឱ្យបារាំងទល់នឹងស៊ុយអែតកាលពីថ្ងៃសៅរ៍ ដោយរកបានគ្រាប់បាល់តែមួយគត់ ក្នុងជ័យជម្នះ ១-០ ។ ចំណែកក្លឹប PSG គ្រោងនឹងចាប់ផ្តើមរដូវកាលរបស់ពួកគេនៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែដោយសារពេលនេះកីឡាករជាច្រើនវិជ្ជមានជាមួយជំងឺ វាបានធ្វើឱ្យមានមន្ទិលចំពោះការចាប់ផ្តើមរដូវកាលថ្មីនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: