ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានលើកឡើងពីទស្សនវិស័យ ចង់ឱ្យអាមេរិកកាត់ផ្ដាច់ទាំងសេដ្ឋកិច្ច និងទំនាក់ទនងចេញពីប្រទេសចិន

    BY autoadmin September 8, 2020
    ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានលើកឡើងពីទស្សនវិស័យ ចង់ឱ្យអាមេរិកកាត់ផ្ដាច់ទាំងសេដ្ឋកិច្ច និងទំនាក់ទនងចេញពីប្រទេសចិន

    ខណៈការបោះឆ្នោតនៅអាមេរិកកាន់តែចូលកៀកមកដល់ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានលើកឡើងពីទស្សនវិស័យនៃការ “កាត់ផ្ដាច់” សេដ្ឋកិច្ចអាមេរិកពីប្រទេសចិន និងកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកមួយនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃច័ន្ទ លោក ដូណាល់ ត្រាំ បាននិយាយថា៖«នៅពេលអ្នកនិយាយពីពាក្យ «កាត់ផ្ដាច់» វាគឺជាពាក្យដែលគួរឱ្យចាប់អារម្មណ៍»។

    ដោយសំដៅទៅប្រទេសចិន លោកបានមានប្រសាសន៍ថា៖«យើងខាតបង់រាប់ពាន់លានដុល្លារហើយ ប្រសិនបើយើងមិនធ្វើជំនួញជាមួយពួកគេទេ យើងនឹងមិនខាតបង់ប្រាក់រាប់ពាន់លានដុល្លារទេ»។ ជាមួយនឹងការបោះឆ្នោតប្រធានាធិបតីកាន់តែខិតជិតមកដល់ លោក ដូណាល់ ត្រាំ ត្រូវបានគេជឿជាក់ថា មានគោលបំណងពង្រីកមូលដ្ឋានគាំទ្ររបស់លោក ដោយសង្កត់ធ្ងន់លើជំហរតឹងរឹងរបស់លោកប្រឆាំងនឹងប្រទេសចិន។

    លោកបានរិះគន់បេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden ចំពោះភាពទន់ខ្សោយជាមួយទីក្រុងប៉េកាំង ហើយបាននិយាយថា៖«ប្រសិនបើលោក Biden ឈ្នះឆ្នោតនោះ ប្រទេសចិននឹងឈ្នះដូចគ្នា ព្រោះចិននឹងធ្វើជាម្ចាស់ប្រទេសនេះ»។ លោក ត្រាំ ក៏បានប្តេជ្ញាថានៅពេលអនាគត រដ្ឋបាលរបស់លោកនឹងរារាំងកិច្ចសន្យាសហព័ន្ធជាមួយក្រុមហ៊ុនដែលមានប្រភពនៅចិន និងឱ្យចិនឆ្លើយតបចំពោះការបែកធ្លាយជំងឺ COVID-19 ចេញពីប្រទេសចិនទៅទូទាំងពិភពលោក៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: