លោក David Beckham និងភរិយា ត្រូវបានគេរាយការណ៍ថា ធ្លាប់បានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីចូលរួមពិធីជប់លៀងនៅក្រុង Los Angeles សហរដ្ឋអាមេរិក
ប្រភពជាច្រើនកំពុងផ្សព្វផ្សាយថា លោកស្រី Victoria Beckham និងលោក David Beckham បានឆ្លងជំងឺ COVID-19 កាលពីដើមឆ្នាំ២០២០នេះ បន្ទាប់ពីពួកគេបានចូលរួមពិធីជប់លៀងនៅក្រុង Los Angeles សហរដ្ឋអាមេរិក។ យោងតាមកាសែត The Sun បានឱ្យដឹងថា ប្តីប្រពន្ធទាំង២ និងសាច់ញាតិ មិត្តភក្តិ និងបុគ្គលិករបស់ពួកគេមួយចំនួន បានឆ្លងជាមួយជំងឺ COVID-19 ប៉ុន្តែបានសម្រេចចិត្តរក្សាវាជាការសម្ងាត់។

ប្រភពដដែលនិយាយថា ក្រុមគ្រួសារពួកគាត់បានធ្លាក់ខ្លួនឈឺកាលពីខែមីនា នៅពេលដែលប្តីប្រពន្ធទាំង២ បានជិះយន្តហោះទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមបំពេញភារកិច្ចនៅក្លឹបបាល់ទាត់របស់គាត់គឺ Inter Miami ។ ប្រភពមួយបានប្រាប់ថា អ្នកទាំង២ បានចូលរួមពិធីជប់លៀងជាច្រើននៅ Los Angeles ដែលនាំឱ្យពួកគេបានឆ្លងជំងឺនេះ ហើយបន្ទាប់មកពួកគេបានហោះហើរត្រឡប់ទៅចក្រភពអង់គ្លេសវិញ។
ក្រុមគ្រួសារនេះក៏បានធ្វើពិធីខួបកំណើតគម្រប់អាយុ ២១ឆ្នាំ ឱ្យកូនប្រុសរបស់ពួកគេ នៅថ្ងៃទី០៦ ខែមីនា នៅផ្ទះរបស់ពួកគេនៅ Cotswolds ដែលមានការចូលរួមពីសំណាក់តារាល្បីជាច្រើនរួមមាន Emma Bunton និង Stormzy ។ យ៉ាងណាក៏ដោយគ្រួសារ Beckhams មិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ទាក់ទងនឹងជំងឺ COVID-19 នេះនៅឡើយទេ៕


អត្ថបទ៖ លីដា
ប្រភព៖ The Telegraph