ការស្រាវជ្រាវជាបឋមមួយរបស់សាកលវិទ្យាល័យ Yale បានបង្ហាញថា ជំងឺកូវីដ១៩ អាចលុកលុយដល់ខួរក្បាលមនុស្សបាន
ការស្រាវជ្រាវថ្មីមួយលើជំងឺ COVID-19 បានបង្ហាញថា ជំងឺនេះក៏អាចលុកលុយខួរក្បាលយើងបានដែរ ហើយនេះគឺអាចពន្យល់ពីមូលហេតុដែលអ្នកជំងឺ COVID-19 មួយចំនួន បានជួបប្រទះការឈឺក្បាល ការភ័ន្តច្រឡំ និងរវើរវាយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ដិ៍។ ថ្វីបើការរកឃើញនេះស្ថិតក្នុងជំហានដំបូង ប៉ុន្តែវាបានផ្ដល់ភស្តុតាងថ្មីៗជាច្រើន ដើម្បីគាំទ្រដល់ការលើកឡើងពីមុនៗ ដែលមិនមានភស្តុតាងគ្រប់គ្រាន់ក្នុងការបញ្ជាក់។

យោងតាមការសិក្សាដែលធ្វើឡើងដោយអ្នកជំនាញខាងភាពស៊ាំនៃសាកលវិទ្យាល័យយ៉េលឈ្មោះ Akiko Iwasaki បានឱ្យដឹងថា វីរុសកូរ៉ូណានេះអាចចម្លងនៅខាងក្នុងខួរក្បាល ដោយយកអុកស៊ីសែនចេញពីកោសិកាខួរក្បាល។ ការសិក្សារបស់អ្នកស្រីសាស្ត្រាចារ្យ Akiko Iwasaki និងក្រុមរបស់គាត់ទៅលើសត្វកណ្ដុរ និងលើអ្នកជំងឺ COVID-19 ដែលបានស្លាប់ បានរកឃើញថា ជំងឺ COVID-19 មានសមត្ថភាពឆ្លងកោសិកាប្រសាទ ហើយកោសិកាដែលមានមេរោគនឹងបាត់បង់អុកស៊ីសែន លុះក្រោយមកបណ្តាលឱ្យកោសិកាជុំវិញនោះងាប់។
ការពិសោធន៍លើសត្វកណ្តុរបង្ហាញថា ការឆ្លងមេរោគខួរក្បាលនាំឱ្យបាត់បង់ទម្ងន់ និងស្លាប់យ៉ាងឆាប់រហ័សក្នុងរយៈពេលមិនយូរ។ ក្រុមនេះក៏បានពិនិត្យខួរក្បាលរបស់អ្នកជំងឺ COVID-19 ដែលបានស្លាប់ចំនួន ៣នាក់ និងបានរកឃើញវត្តមានវីរុសនៃជំងឺនេះមាននៅក្នុងខួរក្បាលរបស់ពួកគេ។ វាត្រូវបានគេប៉ាន់ស្មានថា ផ្លូវដែលវីរុសចូលទៅកាន់ខួរក្បាលគឺអាចឆ្លងកាត់ច្រមុះ ទោះបីជាអ្នកនិពន្ធនិយាយថា ពួកគេត្រូវការទិន្នន័យបន្ថែមដើម្បីបញ្ជាក់ទ្រឹស្តីនេះក៏ដោយ៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍