ពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ នៅរដ្ឋ Oregon ត្រូវជម្លៀសចេញពីផ្ទះ ខណៈភ្លើងឆេះព្រៃបន្ដឆាបឆេះជាច្រើនកន្លែង នៅទូទាំងសហរដ្ឋអាមេរិក
មនុស្សកន្លះលាននាក់នៅរដ្ឋ Oregon ត្រូវបានគេជម្លៀសចេញ ខណៈដែលភ្លើងឆេះព្រៃមិនធ្លាប់មានពីមុនមក បានបន្ដឆាបឆេះតាមបណ្តោយឆ្នេរភាគខាងលិចសហរដ្ឋអាមេរិក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា ក្រុមពន្លត់អគ្គិភ័យកំពុងផ្តល់អាទិភាពដល់សុវត្ថិភាពពលរដ្ឋ ខណៈពួកគេកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃទំហំ ៩០០,០០០ អាក្រេ នៅទូទាំងរដ្ឋ Oregon ។

គិតត្រឹមរយៈពេល ៤៨ម៉ោង ចុងក្រោយនេះ មានមនុស្សយ៉ាងហោចណាស់ ៩នាក់ បានស្លាប់ដោយសារភ្លើងឆេះព្រៃ ដោយមាន ៤នាក់ នៅរដ្ឋ California, ៤នាក់ នៅរដ្ឋ Oregon និង ១នាក់ នៅរដ្ឋ Washington។ ឥឡូវនេះពលរដ្ឋរាប់ពាន់នាក់នៅរដ្ឋទាំង ៣ ក៏ត្រូវបានគេជម្រាបដំណឹង ឱ្យធ្វើការចាកចេញពីផ្ទះរបស់ពួកគេ ហើយក្រុមមន្ត្រីកំពុងបើកការស៊ើបអង្កេតចំពោះករណីឆេះនេះផងដែរ។ គួរឱ្យដឹងដែរថា Oregon តែមួយមានភ្លើងឆេះព្រៃជាង ១០០ កន្លែង ហើយពេលនេះអ្នកពន្លត់អគ្គិភ័យប្រមាណ ៣,០០០នាក់ កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់នៅទីនោះ៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia