បញ្ហាភ្លើងឆេះព្រៃកំពុងធ្វើឲ្យផ្ទៃមាឃនៅរដ្ឋ California សហរដ្ឋអាមេរិកប្រែជាក្រហមឆ្អិនឆ្អៅយ៉ាងចម្លែកបំផុត
អាមេរិក៖ ស្របពេលដែលអាមេរិកកំពុងតែប្រឈមនឹងវិបត្តិនៃជំងឺកូវីដ ១៩ នោះ ស្រាប់តែរដ្ឋមួយចំនួននៃប្រទេសដ៏ធំមួយនេះត្រូវរងនូវនឹងគ្រោះធម្មជាតិមួយបន្ថែមទៀតពោលគឺបញ្ហាភ្លើងឆេះព្រៃ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានរដ្ឋចំនួន ៩ នៅតំបន់ភាគខាងលិចនៃសហរដ្ឋអាមេរិកកំពុងប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃ ហើយក្នុងចំណោមរដ្ឋទាំងនោះគឺរដ្ឋ Oregon ដែលបានរងនូវផលប៉ះពាល់ខ្លាំងជាងគេ ដោយរដ្ឋមួយនេះកំពុងមានបញ្ហាភ្លើងឆេះព្រៃចំនួន ៣៥ កន្លែងផ្សេងគ្នា បើសរុបជាផ្ទៃដីមានទំហំប្រមាណជា ៤៧០ ០០០ ហិចតា។

ប្រភពខាងលើបានបន្តថា បើគិតជាសរុបរួមនៅក្នុងរដ្ឋចំនួន ៩ ខាងលើនេះមានភ្លើងឆេះព្រៃប្រមាណជា ២០០ កន្លែងផ្សេងគ្នា ហើយគ្រោះធម្មជាតិនេះបានបង្កឲ្យមានបញ្ហាផ្សេងៗជាច្រើនទៀតផងដែរ ដូចជាផ្សែងកខ្វក់ ការបំពុលបរិកាស ខ្យល់ក្តៅហើយស្ងួត និងមានប្រជាពលរដ្ឋអាមេរិករាប់ម៉ឺននាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ។
រដ្ឋ California ក៏កំពុងស្ថិតក្នុងការកត់សម្គាល់ខ្ពស់ដែរ ដោយត្រឹមតែរយៈពេល ៣ ថ្ងៃចុងក្រោយនេះរដ្ឋមួយនេះមានភ្លើងឆេះព្រៃរហូតដល់ ១០ ០០០ ហិចតា និងមានពលរដ្ឋ ២០ ០០០ នាក់ត្រូវជម្លៀសខ្លួន ហើយបើគិតចាប់តាំងពីដើមឆ្នាំ ២០២០ មក រដ្ឋ California តែម្នាក់ឯងមានបញ្ហាភ្លើងឆេះព្រៃលើផ្ទៃដីសរុបរហូតដល់ ២,៥ លានហិចតាទៅហើយ។ ចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះ ផ្ទៃមេឃជាច្រើនកន្លែងនៅក្នុងរដ្ឋ California បានប្រែពណ៌ទៅជាក្រហមឆ្អិនឆ្អៅយ៉ាងចម្លែកបំផុត។ លោកអ្នកអាចទស្សនាទិដ្ឋភាពនៅក្នុងរដ្ឋ California តាមរយៈរូបភាព និងវីដេអូដូចខាងក្រោមនេះ ៖

And a video of part of the drive 😢 pic.twitter.com/QPxJwv18Sl
— Arya (@LostCod3r) September 9, 2020
អត្ថបទ៖ភក្តី
ប្រភព៖ World of Buzz