រំលឹកឡើងវិញនូវសោកនាដកម្ម ០៩/១១ កាលពី១៩ឆ្នាំមុន នៅពេលដែលសហរដ្ឋអាមេរិករងការវាយប្រហារភេរវកម្ម សម្លាប់មនុស្សជិត ៣,០០០នាក់ ក្នុងរយៈពេលតែ ១០២នាទី
គិតមកទល់ពេលនេះគឺរយៈពេល១៩ឆ្នាំមកហើយ បន្ទាប់ពីសហរដ្ឋអាមេរិករងការវាយប្រហារភេរវកម្ម នៅថ្ងៃទី១១ ខែកញ្ញា កាលពីឆ្នាំ២០០១ (09/11 Attacks) ដែលវាជាការវាយប្រហារដ៏សាហាវបំផុតលើទឹកដីនេះ ចាប់តាំងពីការទម្លាក់គ្រាប់បែកនៅ Pearl Harbor ដោយស្នាដៃទ័ពជប៉ុន កាលពីជំនាន់សង្គ្រាមលោកលើកទី២។ កាលនោះមានមនុស្សជិត ៣,០០០នាក់ បានស្លាប់នៅក្នុងហេតុការណ៍ផ្ទួនៗលើទឹកដីតែមួយ ហើយការសែតញូវយ៉កថែមស៍បានហៅវាថា ការវាយប្រហារភេរវកម្មអាក្រក់បំផុត និងគឃ្លើនបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។ ចង់ជ្រាបច្បាស់សូមអានហេតុការណ៍ ដែលបានកើតឡើងនៅថ្ងៃនេះកាលពី១៩ឆ្នាំមុន តាមរូបភាពនីមួយៗខាងក្រោមនេះ៖
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ វាបានចាប់ផ្ដើមថ្ងៃថ្មីជាធម្មតា។ អគារភ្លោះដែលឈរយ៉ាងសង្ហារនៅក្នុងតំបន់ហិរញ្ញវត្ថុពិភពលោក ដូចដែលពួកវាតែងតែឈរជើងនៅទីនោះក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមក។

នៅម៉ោង ៨ និង ៤៦នាទីព្រឹក អាកាសចរណ៍អាមេរិកជើងហោះហើរលេខ១១ បានធ្លាក់ចូលអគារប៉មខាងជើងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។ ដំបូងអ្នកសារព័ត៌មានមិនប្រាកដថា វាជាគ្រោះថ្នាក់ ឬការវាយប្រហារដោយចេតនាទេ។

នៅម៉ោង ៩ និង ០៣ នាទីព្រឹក អាកាសចរណ៍ United ជើងហោះហើរលេខ១៧៥ បានធ្លាក់ចូលអគារប៉មខាងត្បូង ហើយម្ដងនេះគ្មានការសង្ស័យទៀតទេ ព្រោះវាជាការវាយប្រហារពិតមែន។ បណ្តាញព័ត៌មានខ្លះក៏បានចាប់ទស្សនីយភាពនោះ ហើយផ្សាយតាមកញ្ចក់ទូរទស្សន៍ផ្ទាល់។

យន្ដហោះទី២ បានផ្ទុះឡើង ដោយសារផលប៉ះពាល់ដែលបណ្តាលមកពីការចំហេះប្រេងឥន្ធនៈ ហើយអគារទាំងពីរបានឆាបឆេះឡើង។

ជនរងគ្រោះបានសម្លឹងមើលមកក្រៅពីបង្អួចនៃប៉មអគារ ដែលមានជាប់ដោយផ្សែងនិងអណ្តាតភ្លើង និងបានបំផ្លាញជណ្តើរ។

រូបនេះបង្ហាញពីជនរងគ្រោះហក់ចុះពីប៉មអគារ ហើយយ៉ាងហោចណាស់មានមនុស្ស ២០០នាក់ បានធ្លាក់ ឬលោតពីលើប៉ម។

នៅម៉ោង ៩ និង ៤០ នាទី អាកាសចរណ៍អាមេរិកជើងហោះហើរលេខ៧៧ បានធ្លាក់ចូលមន្ទីរបញ្ចកោណ PENTAGON ។ ៥នាទីក្រោយមក ជាលើកដំបូងក្នុងប្រវត្ដិសាស្ដ្រ FAA បានបញ្ជាយន្តហោះទាំងអស់ចុះចតនៅអាកាសយានដ្ឋានដែលនៅជិតបំផុត។

នៅម៉ោង ៩ និង ៥៩ នាទី អគារប៉មខាងត្បូងបានដួលរលំ។

មនុស្សដែលភៀសខ្លួនចេញពីកន្លែងកើតហេតុដោយជើង ត្រូវគ្របដណ្ដប់ដោយធូលីនិងផេះ។

នៅម៉ោង ១០ និង ០៣ នាទីព្រឹក យន្ដហោះរបស់អាកាសចរណ៍ United ជើងហោះហើរលេខ៩៣ បានធ្លាក់ចូលទៅក្នុងវាលមួយនៅ Shanksville រដ្ឋ Pennsylvania ។ គោលដៅរបស់យន្ដហោះត្រូវបានគេជឿថា ជាអគារ Capitol ។ អ្នកដំណើរនៅលើយន្ដហោះបានព្យាយាមគ្រប់គ្រងការហោះហើរ និងបង្វែងដានអំពីការប្លន់ បន្ទាប់ពីបានដឹងពីការវាយប្រហារផ្សេងទៀត។

នៅម៉ោង ១០ និង ២៨ នាទី អគារប៉មខាងជើងបានដួលរលំ។ វាចំណាយពេលត្រឹមតែ ១២ វិនាទីប៉ុណ្ណោះ ក្នុងការបំផ្លាញអគារទាំង ២ ឱ្យរលំ។

ជាលទ្ធផលមនុស្ស ២,៧៥៣ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅញូវយ៉ក។

ចំនួននោះរួមមានអ្នកពន្លត់អគ្គិភ័យ ៣៤៣នាក់ និងគ្រូពេទ្យ និងមន្ត្រីប៉ូលីស ៦០នាក់ ដែលបានប្រញាប់ប្រញាល់ទៅជួយជនរងគ្រោះ។

មនុស្ស ៤០នាក់ទៀត ត្រូវបានសម្លាប់នៅរដ្ឋ Pennsylvania ហើយ ១៨៤នាក់ បានស្លាប់នៅទីក្រុង Washington ដូច្នេះមានមនុស្សសរុបជិត ៣,០០០នាក់ បានបាត់បង់ជីវិត។

កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅទីតាំងសោកនាដកម្មនៅតែបន្តរហូតដល់ថ្ងៃទី០៩ ខែតុលា ហើយអណ្តាតភ្លើងពីការដួលរលំបានឆេះរហូតដល់ថ្ងៃទី២០ ខែធ្នូ។

ប៉ុន្មានខែបន្ទាប់ពីការវាយប្រហារ ០៩/១១ ប្រទេសជាតិទាំងមូលបានរួមគ្នាជួយអ្នកដែលរងគ្រោះដោយការវាយប្រហារ។ ធនាគារឈាមបានទទួលឈាមយ៉ាងច្រើនលើសលប់ដោយការបរិច្ចាគ ហើយមនុស្សរាប់រយនាក់បានស្ម័គ្រចិត្តជួយរុះរើកម្ទេចថ្មនៅទីតាំងនោះ។

បន្ទាប់ពីការវាយប្រហារភេរវកម្ម ប្រធានាធិបតី George W. Bush បានប្រកាសសង្គ្រាមប្រឆាំងភេរវកម្ម សំដៅទៅលើភេរវករអាល់កៃដា ដែលទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ មេដឹកនាំអាល់កៃដាគឺលោក Osama bin Laden ត្រូវបានសម្លាប់ក្នុងពេល ១០ ឆ្នាំក្រោយមក។ វាជាការឆ្លើយតបរបស់អាមេរិក រួមបញ្ចូលទាំងការពង្រីកដ៏ធំ នៃកិច្ចខិតខំប្រឹងប្រែងសន្តិសុខរបស់អាមេរិក។

នៅក្នុងប៉ុន្មានឆ្នាំបន្ទាប់ពីការវាយប្រហារ «Tribute in Light» បានបាញ់ពន្លឺឡើងដើម្បីសម្គាល់កន្លែងដែលប៉មភ្លោះឈរពីមុន។

ឥឡូវនេះទីតាំងអនុស្សាវរីយ៍ ០៩/១១ ត្រូវបានបើកជាសាធារណៈដើម្បីរំលឹកដល់សោកនាដកម្ម។

អត្ថបទ៖ លីដា
ប្រភព៖ Business Insider