លោក ដូណាល់ ត្រាំ និយាយថា លោកនឹងចរចាបន្ដឈរឈ្មោះជាប្រធានាធិបតីអាមេរិក ៣អាណ្ណតិ ប្រសិនបើគាត់ឈ្នះឆ្នោតលើកទី២នេះ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider បានរាយការណ៍ថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុននេះ បានបង្ហាញពីបំណងចង់បន្ដធ្វើជាប្រធានាធិបតីរហូតដល់ទៅ ១២ឆ្នាំ ឬស្មើនឹង ៣អាណ្ណតិ ដែលប្រាស់ចាកពីវិសោធនកម្មលើកទី២២ ដែលត្រូវបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៥១ ដែលបានចែងថា ប្រធានាធិបតីមួយរូបមិនអាចបម្រើការលើសពី ២អាណត្តិ បានទេ។ មុនពេលផ្តល់សច្ចាប័នលើវិសោធនកម្មលើកទី២២នេះ លោក Franklin D. Roosevelt ធ្លាប់ត្រូវបានគេបោះឆ្នោតឱ្យបម្រើការ ៤អាណត្តិ នៅក្នុងតំណែងជាប្រធានាធិបតីអាមេរិក ដោយបានបម្រើការជាប្រធានាធិបតីរយៈពេល ១២ឆ្នាំ មុនពេលលោកទទួលមរណភាពនៅឆ្នាំ១៩៤៥។

ប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍បានលើកឡើងជាថ្មីម្តងទៀតនូវបំណងរបស់គាត់ ក្នុងការបន្ដធ្វើជាប្រធានាធិបតីរហូតដល់ទៅ ៣អាណ្ណតិ ដោយអះអាងនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការឃោសនាបោះឆ្នោតមួយនៅរដ្ឋ Nevada ថា គាត់ប្រហែលជាត្រូវបានផ្តល់សិទ្ធិ ៤ឆ្នាំ បន្ថែមទៀត បន្ទាប់ពីឈ្នះអាណត្តិទី២។ លោក ដូណាល់ ត្រាំ បានប្រាប់ទៅកាន់អ្នកគាំទ្ររបស់លោកថា៖«៥២ថ្ងៃទៀតចាប់ពីពេលនេះទៅ យើងនឹងឈ្នះនៅរដ្ឋ Nevada ហើយយើងនឹងឈ្នះ ៤ឆ្នាំ ទៀតនៅសេតវិមាន។ ហើយបន្ទាប់មកទៀត យើងនឹងចរចា, ត្រូវទេ? ពីព្រោះយើងប្រហែលជាមានសិទ្ធិ ៤ឆ្នាំ ផ្សេងទៀតបន្ទាប់ពីនោះ។
ជារឿយៗលោក ដូណាល់ ត្រាំ បានអះអាងថា គាត់ត្រូវបានគេធ្វើបាបដោយអយុត្តិធម៌បើប្រៀបធៀបទៅនឹងអ្នកកាន់តំណែងមុនរបស់គាត់ ដែលគាត់ច្រើនតែចង្អុលលើការជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់រុស្ស៊ី និងការទម្លាក់គាត់ពីតំណែង។ ពេញមួយអាណត្តិដំបូងរបស់លោកក្នុងនាមជាប្រធានាធិបតី លោក ដូណាល់ ត្រាំ ក៏បានបង្ហាញគំនិតជាញឹកញាប់ថា នឹងព្យាយាមបម្រើការច្រើនជាង ២អាណត្តិ នៅក្នុងការិយាល័យ។ នៅក្នុងខែសីហា នៅឯបាតុកម្មមួយនៅទីក្រុង Oshkosh រដ្ឋ Wisconsin លោកប្រធានាធិបតីបានស្នើស្រដៀងគ្នានេះដែរថា លោកត្រូវតែបន្ដធ្វើជាប្រធានាធិបតី ៣ អាណ្ណតិ៕

អត្ថបទ៖ លីដា
ប្រភព៖ Business Insider