ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សម្រាប់អ្នកចូលចិត្តរបស់ប្រេនៗសម័យកូវីដ! Louis Vuitton នឹងចេញលក់របាំងពាក់ការពារមុខនៅខែក្រោយ ឯតម្លៃវិញញាក់សាច់តែម្តង

    BY autoadmin September 15, 2020
    សម្រាប់អ្នកចូលចិត្តរបស់ប្រេនៗសម័យកូវីដ! Louis Vuitton នឹងចេញលក់របាំងពាក់ការពារមុខនៅខែក្រោយ ឯតម្លៃវិញញាក់សាច់តែម្តង

    ក្រុមហ៊ុនឆ្នៃម៉ូដប្រណីតៗ Louis Vuitton កំពុងចេញផ្សាយរបាំងមុខដ៏ឆើតឆាយមួយ សម្រាប់ចេញលក់នៅខែក្រោយនេះហើយ។ បើយោងតាម Vanity Fair របាំងការពារមុខនោះ គឺមានជើងទម្រពាក់ពីលើក្បាល ខណៈដែលរបាំងខាងមុខគឺតភ្ជាប់គ្នា អាចបត់បែនទៅជាមួកក៏បាន ហើយមានឡូហ្គោផុសប្រចាំត្រកូលគឺ «LV» ដែលធ្វើចេញពីមាស។ ក្រុមហ៊ុននេះបាននិយាយថា វាបំពាក់មកជាមួយបច្ចេកវិទ្យាប្តូរកញ្ចក់លេន (lens) ដើម្បីការពារមនុស្សពីពន្លឺព្រះអាទិត្យផងដែរ។ ក្រុមហ៊ុនពិពណ៌នាផលិតផលរបស់ខ្លួនថា៖«ទំនើបប្លែកភ្នែក ទាំងទាន់សម័យ និងអាចការពារខ្លួនបាន»។

    របាំងការពារមុខ LV នេះគ្រោងនឹងចេញលក់នៅថ្ងៃទី៣០ ខែតុលា ដែលជាផ្នែកមួយនៃ Cruise collection ឆ្នាំ២០២១ ហើយតម្លៃប្រហែល ៩៦១ដុល្លារអាមេរិក ។ ទោះបីជាវាមើលទៅទាន់សម័យក៏ដោយ ក៏ប្រសិទ្ធភាពរបស់វាប្រឆាំងនឹងជំងឺរាតត្បាត COVID-19 នៅតែជាសំណួរដ៏ធំមួយ។ ថ្លែងប្រាប់ InStyle លោក Arefa Cassoobhoy, M.D, MPH នាយកវេជ្ជសាស្ត្រជាន់ខ្ពស់នៅ WebMD បាននិយាយថា របាំងការពារមុខត្រូវបានប្រើជាស្រទាប់ការពារបន្ថែម។

    លោក Arefa Cassoobhoy និយាយថា៖ «វាសមហេតុផលក្នុងការបន្ថែមរបាំងការពារមុខ ប្រសិនបើអ្នកត្រូវការការការពារបន្ថែមជាពិសេសប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្ពស់ ដូចជាការថែទាំអ្នកដែលមានជំងឺ COVID-19 ឬធ្វើការនៅក្នុងបរិដ្ឋានដែលត្រូវការការទាក់ទងជិតស្និទ្ធជាមួយអ្នកដទៃ»។ យ៉ាងណាក៏ដោយមជ្ឍមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) មិនបានណែនាំឱ្យប្រើរបាំងមុខ ដើម្បីជំនួសម៉ាស់នោះទេ។ ប៉ុន្តែរបាំងមុខរបស់ LV ហាក់ដូចជាធ្វើតាមការណែនាំរបស់ CDC ដោយសាររបាំងនោះវារុំព័ទ្ធជុំវិញមុខ ពីក្បាលចុះដល់ចង្កា៕

    អត្ថបទ៖ លីដា
    ប្រភព៖ Nextshark

    Share This Post: