លោកតាម្នាក់ប្រើពេល ៣០ឆ្នាំជីកប្រឡាយដោយដៃតែម្នាក់ឯង ដើម្បីបង្កើតប្រភពទឹកប្រើប្រាស់ដល់ពលរដ្ឋទាំងអស់នៅក្នុងភូមិ (មានវីដេអូ)
- BY
- autoadmin
- September 19, 2020
ឥណ្ឌា៖ បុរសម្នាក់ត្រូវបានសារព័ត៌មាន World of Buzz ចុះផ្សាយថា រូបគាត់បានចំណាយពេលប្រមាណជា ៣០ឆ្នាំ ដើម្បីជីកប្រឡាយមួយពីភ្នំទៅកាន់ភូមិរបស់គាត់ ដោយប្រើតែចបកាប់និងប្រើកំលាំងពលកម្មតែម្នាក់គាត់ប៉ុណ្ណោះ។ ស្តាប់មើលទៅវាហាក់ដូចជាពិបាកទៅរួចណាស់ដែលមនុស្សម្នាក់អាចជីកប្រឡាយដ៏ធំមួយតែម្នាក់ឯងដោយមិនប្រើគ្រឿងយន្តជួយទាល់តែសោះនោះ តែពេលនេះវាពិតជាអាចកើតឡើងប្រាកដមែនដូចពាក្យដែលគេតែងនិយាយថា “ព្យាយាមគង់បានសម្រេច”។ ប្រភពខាងលើបានបញ្ជាក់ថា បុរសចំណាស់រូបនេះមានឈ្មោះ Laungi Bhuiyan រស់នៅក្នុងភូមិដាច់ស្រយាលមួយក្នុងរដ្ឋ Bihar នៃប្រទេសឥណ្ឌា។
លោកតាបានប្រាប់អ្នកសារព័ត៌មានថាភូមិរបស់គាត់ពុំមានប្រភពទឹកប្រាស់គ្រប់គ្រាន់នោះទេ ហើយក៏គ្មានអ្នកណាម្នាក់យកចិត្តទុកដាក់ដោះស្រាយបញ្ហានេះដែរ ព្រោះពួកគេគិតថា វាជាលក្ខខណ្ឌធម្មជាតិដែលគ្មានវិធីអាចកែប្រែបានឡើយ។ យ៉ាងណាក្តី សម្រាប់លោកតា Laungi Bhuiyan បានមើលឃើញថា ប្រសិនបើមានប្រឡាយទឹកមួយដែលអាចនាំទឹកភ្លៀងពីលើភ្នំចុះមកដល់ភូមិនោះ ប្រជាពលរដ្ឋក្នុងភូមិទាំងអស់នឹងលែងពិបាកស្វែងរកប្រភពទឹកប្រើប្រាស់ទៀតហើយ។ បើទោះជាគំនិតរបស់លោកតាគឺជារឿងល្អក៏ពិតមែន តែគ្មានណាម្នាក់គាំទ្រគាត់ឡើយព្រោះពួកគេគិតថា វាមិនអាចទៅរួចនោះទេ។ ដូចនេះហើយទើបលោកតា Laungi Bhuiyan ត្រូវធ្វើការងារនេះតែម្នាក់ឯងរាល់ថ្ងៃ មួយថ្ងៃបន្តិចៗអស់រយៈពេល ៣០ឆ្នាំ ហើយទៅបំផុតទៅប្រឡាយមួយខែ្សក៏បានលេចរូបរាងឡើង និងបានក្លាយជាប្រភពទឹកដ៏សំខាន់មួយសម្រាប់ប្រើប្រាស់ផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz
- Share This Post: