វ៉ាក់សាំងកូវីដ១៩ របស់ចិន អាចនឹងត្រៀមខ្លួនសម្រាប់ការប្រើប្រាស់ទូទៅនៅដើមខែវិច្ឆិកា ខាងមុខនេះ
មន្រ្តីនៅមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺចិន (CDC) បាននិយាយថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលចិនកំពុងតែបង្កើតឡើង អាចត្រៀមខ្លួនរួចរាល់សម្រាប់ការប្រើប្រាស់ទូទៅនៅដើមខែវិច្ឆិកា។ គួរឱ្យដឹងផងដែរថា ប្រទេសចិនមានវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ចំនួន ៤ ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការសាកល្បងព្យាបាលលើមនុស្ស ហើយវ៉ាក់សាំង ៣ ក្នុងចំណោមអ្នកទាំងនោះ ត្រូវបានគេផ្តល់ជូនដល់បុគ្គលិកចាំបាច់ក្រោមកម្មវិធីប្រើប្រាស់បន្ទាន់ដែលបានចាប់ផ្តើមនៅខែកក្កដា។

អ្នកស្រី Guizhen Wu ប្រធានអ្នកជំនាញផ្នែកជីវសុវត្ថិភាពបាននិយាយនៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍រដ្ឋកាលពីថ្ងៃច័ន្ទថា ការសាកល្បងគ្លីនិកដំណាក់កាលទី៣ កំពុងដំណើរការយ៉ាងរលូន ហើយវ៉ាក់សាំងអាចត្រៀមសម្រាប់សាធារណជនទូទៅនៅក្នុងខែវិច្ឆិកា ឬធ្នូ។ គាត់បាននិយាយថា គាត់មិនមានរោគសញ្ញាអ្វីនោះទេក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីបានចាក់វ៉ាក់សាំងពិសោធន៏លើខ្លួនឯងកាលពីខែមេសា ប៉ុន្តែមិនបានបញ្ជាក់ថា តើវ៉ាក់សាំងណាដែលគាត់កំពុងសំដៅលើនោះទេ។
ជម្រាបជូនដែរថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ទាំង ៤ ដែលកំពុងឈានដល់ដំណាក់កាលទី៣ នៅប្រទេសចិន គឺមាន ៣ មកពីក្រុមហ៊ុនយក្សគ្រប់គ្រងដោយរដ្ឋ Sinopharm និងក្រុមហ៊ុនចុះបញ្ជីនៅអាមេរិក Sinovac ហើយ ១ទៀត គឺមកពីក្រុមហ៊ុន CanSino Biologics ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់ដោយយោធាចិននៅក្នុងខែមិថុនា៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ