អន្តរជាតិ

កម្មវិធី TikTok អាចដំណើរការនៅអាមេរិកបាន បន្ទាប់ពីលោក​​​ ដូណាល់​ ត្រាំ យល់ព្រមលើកិច្ចព្រមព្រៀងមួយនេះ

BY
autoadmin
September 21, 2020

ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ សម្រាប់ក្រុមហ៊ុន Oracle និងក្រុមហ៊ុន Walmart ដើម្បីទទួលបានភាគហ៊ុនរបស់កម្មវិធីវីដេអូដ៏ពេញនិយម TikTok ។ កិច្ចព្រមព្រៀងលក់ភាគហ៊ុននេះនឹងពន្យារពេលហាមឃាត់ប្រតិបត្តិការ​កម្មវិធី TikTok នៅលើទឹកដីអាមេរិក​ ដែលគ្រោងនឹងដល់កាលកំណត់នៅថ្ងៃអាទិត្យនេះ។ ដូច្នេះក្រុមហ៊ុន Oracle នឹងកាន់កាប់ភាគហ៊ុន ១២.៥% របស់ TikTok Global ខណៈដែលក្រុមហ៊ុន Walmart នឹងមាន ៧.៥%។

ក្រុមហ៊ុននឹងត្រូវមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក និងផ្តល់សេវាកម្មដល់អ្នកប្រើប្រាស់អាមេរិក និងអ្នកប្រើប្រាស់ភាគច្រើននៅក្នុង «ពិភពលោកទាំងមូល»។ សមាជិកក្រុមប្រឹក្សាភិបាល ៤នាក់ ក្នុងចំណោមសមាជិកក្រុមប្រឹក្សា ៥នាក់ របស់ក្រុមហ៊ុននឹងត្រូវតែជាជនជាតិអាមេរិក។ ក្រុមហ៊ុន Oracle នឹងផ្តល់ជូននូវសេវាកម្ម cloud ដែលមានសុវត្ថិភាព ដើម្បីបំពេញនូវកង្វល់សន្តិសុខជាតិរបស់អាមេរិក ដោយសារតែវាជាកម្មវិធីគ្រប់គ្រងដោយចិន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ TikTok បាននិយាយថា៖«ក្រុមហ៊ុនទាំង ២ នឹងចូលរួមនៅក្នុងការផ្តល់ហិរញ្ញប្បទានបោះផ្សាយ IPO របស់ TikTok Global ដែលពួកគេអាចទទួលបានភាគហ៊ុន ២០% នៅក្នុងក្រុមហ៊ុន។ យើងក៏នឹងរក្សា និងពង្រីកទីស្នាក់ការរបស់ក្រុមហ៊ុន TikTok Global នៅសហរដ្ឋអាមេរិក ស្របពេលដែលនាំមកនូវការងារចំនួន ២៥,០០០ កន្លែងនៅទូទាំងប្រទេស»៕

អត្ថបទ៖ លីដា
ប្រភព៖ Cnet

Share This Post: