អន្តរជាតិ

ប្រទេសចិនរកឃើញដាននៃជំងឺកូវីដ១៩ នៅលើកញ្ចប់មឹក ដែលនាំចូលពីប្រទេសរុស្ស៊ី

BY
autoadmin
September 21, 2020

អាជ្ញាធរសុខាភិបាលនៅទីក្រុង Fuyu កាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញា បាននិយាយថា អាជ្ញាធរនៅខេត្ត Jilin ភាគឦសានប្រទេសចិន បានរកឃើញដានជំងឺ COVID-19 នៅលើកញ្ចប់វេចខ្ចប់សត្វមឹកដែលនាំចូលពីបរទេស ហើយបានទទូចដល់អ្នកទាំងឡាយណាដែលបានទិញយកវាទៅបរិភោគ សូមធ្វើការពិនិត្យមើលសុខភាពរបស់ពួកគេដោយខ្លួនឯង។

ការិយាល័យបាននិយាយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនថា កញ្ចប់មួយក្នុងចំណោមកញ្ចប់ទាំងអស់បានមកដល់ទីក្រុងតាមរយៈទីរួមខេត្ត Changchun ។ អាជ្ញាធរបានស្នើសុំឱ្យអ្នកដែលបានទិញ និងបរិភោគមឹក ដែលទិញពីហាងលក់ដុំអាហារសមុទ្រក្លាសេ Sanjia Deda ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែសីហា ត្រូវរាយការណ៍ទៅអាជ្ញាធរ និងស្វែងរកការធ្វើតេស្តរកមេរោគ COVID-19 ។

ការិយាល័យគ្រប់គ្រងជំងឺ COVID-19 នៅ Changchun បាននិយាយថា មឹកត្រូវបាននាំចូលពីប្រទេសរុស្ស៊ី ដោយក្រុមហ៊ុនមួយនៅទីក្រុង Hunchun ហើយបាននាំពួកវាយកមកទីរួមខេត្ត។ ខាងពន្ធគយចិនបាននិយាយកាលពីថ្ងៃសុក្រថា ពួកគេនឹងផ្អាកការនាំចូលពីក្រុមហ៊ុននោះរយៈពេលមួយសប្តាហ៍ ប្រសិនបើផលិតផលអាហារក្លាសេរបស់ក្រុមហ៊ុនត្រូវបានគេធ្វើតេស្ត៍រកឃើញថា មានផ្ទុកជំងឺ COVID-19 និងផ្អាករយៈពេល ១ខែ ប្រសិនអាហារក្លាសេរបស់ក្រុមហ៊ុននៅតែវិជ្ជមានជាមួយជំងឺ COVID-19 នៅក្នុងការធ្វើតេស្ដជាលើកទី៣ ឬច្រើនជាងនេះ។

គួរឱ្យដឹងដែរថា ថ្វីបើចិនដីគោកជាប្រទេសដែលមានករណីជំងឺ COVID-19 មុនគេក៏ដោយ ប៉ុន្តែវាបានរាយការណ៍ករណីតិចតួចបំផុត ក្នុងរយៈពេលចុងក្រោយនេះ ហើយភាគច្រើនគឺជាករណីនាំចូល។ កាលពីក្នុងខែសីហា អាជ្ញាធរមូលដ្ឋាននៅក្នុងទីក្រុងចំនួន ២ របស់ប្រទេសចិន ក៏ធ្លាប់បាននិយាយដែរថា ពួកគេបានរកឃើញដាននៃវីរុសកូរ៉ូណា នៅ​លើនាវាអាហារក្លាសេដែលនាំចូល។ ប៉ុន្តែយ៉ាងណាកាលនោះអង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនមិនឃើញភ័ស្តុតាងនៃការឆ្លងមេរោគ COVID-19 ត្រូវបានរាលដាលដោយម្ហូបអាហារ ឬវេចខ្ចប់ឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: