អន្តរជាតិ

អ្នកនយោបាយឥណ្ឌាម្នាក់ ដែលធ្លាប់អះអាងថា ងូតទឹកភក់អាចការពារជំងឺកូវីដ ១៩ បាននោះ ពេលនេះរូបគាត់បានឆ្លងជំងឺនេះហើយ (មានវីដេអូ)

BY
autoadmin
September 21, 2020

ឥណ្ឌា៖ ខណៈដែលវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ នៅមិនទាន់អាចដាក់ឲ្យប្រើប្រាស់បានជាផ្លូវការនោះ មនុស្សមួយចំនួនព្យាយាមបង្ហាញនូវវិធីធម្មជាតិជាច្រើននិងអះអាងថា វិធីទាំងនោះមានប្រសិទ្ធភាពគ្រប់គ្រាន់សម្រាប់ការពារខ្លួនពីជំងឺកូវីដ ១៩។ ជាក់ស្តែងកាលពីពេលកន្លងទៅនេះមានអ្នកនយោបាយឥណ្ឌាម្នាក់បានទៅអង្គុយងូតទឹកភក់និងថែមទាំងបានផ្លុំខ្យងស័ង្ខបណ្ដើរផង ហើយរូបគាត់បានអះអាងថា វិធីនេះអាចការពារការចម្លងជំងឺកូវីដ ១៩ បានយ៉ាងមានប្រសិទ្ធភាព។ អ្នកនយោបាយឥណ្ឌារូបនេះត្រូវបានគេស្គាល់ថាមានឈ្មោះ Sukhbir Singh Jaunapuria រស់នៅក្នុងរដ្ឋ Rajasthan ភាគខាងជើងនៃប្រទេសឥណ្ឌា។

បើតាមវីដេអូដែលរូបគាត់បានបង្ហោះតាមបណ្ដាញសង្គមនោះរូបគាត់បានអះអាងថា ការងូតទឹកភក់បណ្ដើរនិងផ្លុំខ្យងស័ង្ខបណ្ដើរនឹងធ្វើសុខភាពសួតកាន់តែរឹងមាំនិងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រឆាំងនឹងជំងឺកូវីដ ១៩។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន indiatimes បានបញ្ជាក់យ៉ាងច្បាស់ថា កាលពីថ្ងៃទី ១៤ ខែកញ្ញាកន្លងទៅនេះលោក Sukhbir Singh Jaunapuria ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ ១៩ ហើយរូបលោកគឺជាមនុស្សម្នាក់ក្នុងចំណោមសមាជិកសភាឥណ្ឌាចំនួន ២៤ នាក់ផ្សេងទៀត ដែលសុទ្ធតែត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩ ដូចគ្នា។ តាមរយៈលទ្ធផលនៃការធ្វើតេស្តខាងលើនេះបានបង្ហាញថា វិធីដែលលោក Sukhbir Singh Jaunapuria បានអនុវត្តកន្លងមកពុំមានប្រសិទ្ធភាពឡើយ ដូចនេះពលរដ្ឋគ្រប់រូបមិនត្រូវអនុវត្តតាមគាត់នោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ indiatimes

Share This Post: