ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រជុំសៀវភៅដ៏កម្រមានតម្លៃប្រមាណ ៣.២ លានដុល្លារអាមេរិក ត្រូវបានគេរកឃើញនៅក្រោមផ្ទះមួយនៅឯប្រទេសរ៉ូម៉ានី

    BY autoadmin September 21, 2020
    ប្រជុំសៀវភៅដ៏កម្រមានតម្លៃប្រមាណ ៣.២ លានដុល្លារអាមេរិក ត្រូវបានគេរកឃើញនៅក្រោមផ្ទះមួយនៅឯប្រទេសរ៉ូម៉ានី

    សៀវភៅដ៏មានតម្លៃប្រហែល ២០០ក្បាល រួមទាំងការបោះពុម្ពស្នាដៃដំបូង (first edition) ពីសតវត្សរ៍ទី១៧ ដោយបិតាតារាវិទូ កាលីលេអូ កាលីលេ និងរូបវិទូ អ៊ីសាក ញូតុន ត្រូវបានគេរកឃើញពីក្រោមផ្ទះមួយនៅឯប្រទេសរ៉ូម៉ានី។ សៀវភៅទាំងនេះត្រូវបានគេលួចតាំងតែពីឆ្នាំ២០១៧ ចេញពីឃ្លាំងមួយនៅភាគខាងលិចទីក្រុងឡុង ប្រទេសអង់គ្លេស ដែលជាកន្លែងដែលសៀវភៅទាំងនេះត្រូវបានរក្សាទុកជាបណ្តោះអាសន្ន មុនពេលត្រូវដាក់ដេញថ្លៃនៅក្នុងកម្មវិធីមួយ ដែលគ្រោងធ្វើនៅសហរដ្ឋអាមេរិក។

    ប៉ូលីសបាននិយាយថា ក្រុមចោរបានគេចពីឧបករណ៍ចាប់សញ្ញា ដោយបានចូលឃ្លាំងស្តុកសៀវភៅតាមដំបូល និងលួចយកសៀវភៅដ៏មានតម្លៃ និងកម្រ មានតម្លៃប្រមាណ ៣.២ លានដុល្លារ ទាំងអស់នេះ។ ករណីនេះបាននាំឱ្យប៉ូលីសនៅអង់គ្លេស អ៊ីតាលី និងរ៉ូម៉ានី ដោយមានការគាំទ្រពីភ្នាក់ងារប៉ូលីសសហភាពអឺរ៉ុប Europol បានវាយឆ្មក់ទីតាំងចំនួន ៤៥ នៅក្នុងប្រទេសទាំង៣ កាលពីឆ្នាំមុន។ ការស៊ើបអង្កេតក៏បាននាំឱ្យមានការចាប់ខ្លួន និងចោទប្រកាន់មនុស្សចំនួន ១៣នាក់ ដែលជាប់ទាក់ទងនឹងក្រុមឧក្រិដ្ឋកម្មរ៉ូម៉ានី ចំពោះការជាប់ពាក់ព័ន្ធនេះនៅចន្លោះឆ្នាំ២០១៦ និង ២០១៩ ៕

    អត្ថបទ​៖ លីដា
    ប្រភព៖ NHK

    Share This Post: