អន្តរជាតិ

ប្រទេសភូមាបានបិទទ្វារតំបន់យ៉ាំងហ្គន បន្ទាប់ពីករណីជំងឺកូវីដ១៩ បានហក់ឡើងខ្ពស់នាពេលថ្មីៗនេះ

BY
autoadmin
September 21, 2020

បទបញ្ជាស្នាក់នៅក្នុងផ្ទះបានចូលជាធរមានសម្រាប់ទីក្រុងយ៉ាំងហ្គន ដែលជាទីក្រុងធំបំផុតរបស់ប្រទេសភូមា បន្ទាប់ពីប្រទេសនេះបានរាយការណ៍ពីការកើនឡើងនៃករណីជំងឺ COVID-19 ច្រើនបំផុត ពោលគឺនៅមិនប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតខែវិច្ឆិកាចូលមកដល់។ ប្រជាជនក្នុងតំបន់ជាង ៤ លាននាក់ មានពេលតិចជាង ២៤ម៉ោង ដើម្បីត្រៀមខ្លួនជាមួយបទបញ្ជាស្នាក់នៅផ្ទះ ដែលចូលជាធរមាននៅម៉ោង ៨ ព្រឹក ថ្ងៃច័ន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០។

វាតម្រូវឱ្យនិយោជិកក្នុងវិស័យឯកជនភាគច្រើនធ្វើការពីផ្ទះ និងបុគ្គលិករដ្ឋាភិបាលត្រូវធ្វើការពីរសប្តាហ៍នៅផ្ទះ និងពីរសប្តាហ៍នៅការិយាល័យ។ សាលារៀនត្រូវបានបិទស្រាប់រួចហើយ ក្រោមវិធានការបិទទ្វារពីមុន។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Myint Htwe បានមានប្រសាសន៍ថា វិធានការនេះគឺចាំបាច់ ដោយសារតែមានការកើនឡើងនូវករណីឆ្លងក្នុងស្រុក ដែលមិនមែនជាលទ្ធផលនៃការធ្វើដំណើរ ឬទំនាក់ទំនងជាមួយអ្នកដែលធ្លាប់ឆ្លងជំងឺនេះ។

យោងតាមច្បាប់ថ្មីប្រជាជនត្រូវស្នាក់នៅក្នុងផ្ទះ លើកលែងតែពួកគេត្រូវការទិញអាហារ ឬទៅជួបគ្រូពេទ្យ។ អ្នកដែលចេញទៅក្រៅត្រូវតែពាក់ម៉ាស ហើយមានតែសមាជិកម្នាក់នៃគ្រួសារនីមួយៗប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យទៅដើរទិញឥវ៉ាន់ដែលចាំបាច់។ គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរនៅខាងក្រៅតំបន់យ៉ាំងហ្គនទេ។ វាមិនច្បាស់ទេថា តើមានការគាំទ្រអ្វីខ្លះសម្រាប់ប្រជាជនដែលមិនអាចធ្វើការពីផ្ទះ ឬការងារក្រៅផ្លូវការនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Aljazeera

Share This Post: