អន្តរជាតិ

ខុនដូបៃតងដាំសុទ្ធតែដើមឈើស្រស់ស្អាត នៅកណ្តាលទីក្រុងប្រទេសចិន ឥលូវប្រែជាសំបុកសត្វមូសទៅវិញ

BY
autoadmin
September 22, 2020

ចិន៖ គម្រោងលំនៅដ្ឋានបៃតងប្លែកគេនិងដំបូងគេបង្អស់នៅក្នុងទីក្រុង Chengdu ភាគខាងត្បូងនៃប្រទេសចិនត្រូវបានមើលឃើញថា មានភាពស្ងាត់ជ្រងំដូចទីក្រុងដែលត្រូវបានគេបោះបង់ចោល បើទោះជាគម្រោងលំនៅដ្ឋាននេះត្រូវបានរៀបចំឡើងយ៉ាងពិសេសដើម្បីផ្តល់បរិយាកាសបែបធម្មជាតិជូនដល់ពលរដ្ឋនៅក្នុងទីក្រុងឲ្យមានអារម្មណ៍ល្អដូចការរស់នៅទីជនបទក៏ដោយ។ គួររម្លឹកជូនថា គម្រោងលំនៅដ្ឋានបៃតងមួយមានឈ្មោះថា Qiyi City Forest Garden (សួនឧទ្យានព្រៃឈីរីស៊ី) នេះត្រូវបានសាងសង់ឡើងកាលពីឆ្នាំ ២០១៨ កន្លងទៅ មានអាផាតមិនចំនួន ៨ អគារនិងមានបន្ទប់សម្រាប់ស្នាក់នៅសរុបចំនួន ៨២៦ បន្ទប់ ហើយនៅតាមយ៉រនៃបន្ទប់នីមួយៗត្រូវបានរចនាជាពិសេសដើម្បីទុកកន្លែងសម្រាប់ដាំដើមរុក្ខជាតិបានជាច្រើនប្រភេទ។

បន្ទប់ទាំង ៨២៦ ត្រូវបានលក់ដាច់អស់តាំងពីខែមេសាមកម្លះ តែអ្វីដែលគេបានគត់សម្គាល់ឃើញនោះគឺមានពលរដ្ឋប្រមាណជា ១០ គ្រួសារប៉ុណ្ណោះដែលបានផ្លាស់ទៅរស់នៅក្នុងគម្រោងលំនៅដ្ឋានមួយនេះ ហើយបន្ទប់ស្នាក់ផ្សេងទៀតត្រូវបានគេបិទទ្វារចោលដែលធ្វើតំបន់រស់នៅមួយនេះមានភាពស្ងាត់ជ្រងំយ៉ាងខ្លាំង។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail  បានឲ្យដឹងថា មូលហេតុចម្បងមួយដែលធ្វើឲ្យគ្មានអ្នកទៅរស់នៅនោះគឺដើមឈើដ៏ក្រាសទាំងនោះ នោះបានទាក់ទាញសត្វមូសជាច្រើនដែលអាចផ្តល់ការរំខានដល់ការរស់នៅរបស់ពលរដ្ឋយ៉ាងខ្លាំង។​​

ហើយក្រោយពីការបិទទ្វារបន្ទប់ចោលគ្មានអ្នកមើលថែ ដើមរុក្ខជាតិទាំងនោះបានដុះលូតកាន់តែស៊ុបទ្រុបឡើងស្ទើររុំព័ទ្ធអគារអាផាតិជិតអស់នៅហើយ ខណៈចំនួនមូសក៏កាន់តែមានច្រើនឡើងៗរហូតដល់ក្រុមពលរដ្ឋដែលរស់នៅក្បែរគម្រោងលំនៅដ្ឋាននេះក៏ត្រូវរងនូវការរំខានយ៉ាងខ្លាំងពីហ្វូងសត្វមូសផងដែរ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនេះលំនៅដ្ឋាននេះមានដំណោះស្រាយយ៉ាងណានោះនៅចំពោះមុខបញ្ហាដែលកំពុងកើតមាននេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Daily Mail

 

Share This Post: