អន្តរជាតិ

ប្រទេសថៃហាមឃាត់មិនឱ្យមានគ្រឿងស្រវឹងនៅតាមឧទ្យានជាតិឡើយ ដោយសារភ្ញៀវទេសចរចោលសំរាមផ្ដេសផ្ដាសច្រើនពេក

BY
autoadmin
September 21, 2020

ឥឡូវនេះគ្រឿងស្រវឹងត្រូវបានហាមឃាត់នៅតាមឧទ្យានជាតិរបស់ប្រទេសថៃ បន្ទាប់ពីភ្ញៀវទេសចរខ្លះបានផឹកស្រវឹងជោគនៅតាមទឹកជ្រោះ ហើយខ្លះទៀតបានទុកសំរាមចោលនៅក្បែរជំរុំដែលពួកគេបានស្នាក់នៅ។ ក្នុងនោះផងដែរនាយកដ្ឋានឧទ្យានជាតិ សត្វព្រៃនិងការអភិរក្សរុក្ខជាតិ ក៏បានធ្វើបច្ចុប្បន្នភាពច្បាប់ក្នុងឧទ្យានមួយចំនួនបន្ថែមទៀត ដើម្បីធ្វើឱ្យប្រាកដថា ឧទ្យានត្រូវបានរក្សាឱ្យបានស្អាតមានអនាម័យ ហើយសត្វព្រៃមិនត្រូវបានគេរំខាន។ រដ្ឋមន្រ្តីក្រសួងបរិស្ថានថៃលោក Varawut Silpa-archa មានប្រសាសន៍ថា លោកនឹងចុះឈ្មោះភ្ញៀវទេសចរទាំងនោះចូលក្នុងបញ្ជីខ្មៅរបស់ឧទ្យានជាតិ ប្រសិនបើពួកគេចោលសំរាម ឬបង្កការខូចខាតដល់តំបន់ការពារ។

លោកបាននិយាយថា៖«យើងសូមឱ្យភ្ញៀវទេសចរទាំងអស់ដាក់សំរាមនៅក្នុងតំបន់ដែលបានផ្តល់ឱ្យ ពីព្រោះសំរាមដែលអ្នកបានទុកចោលអាចសម្លាប់សត្វព្រៃដែលកំពុងស្វែងរកចំណី។ ក្នុងករណីនេះយើងប្រមូលសំរាមទាំងអស់ដាក់ក្នុងប្រអប់មួយ ហើយផ្ញើទៅផ្ទះរបស់អ្នកទុកជាអនុស្សាវរីយ៍ ដើម្បីកុំឱ្យអ្នកទុកសំរាមចោលនៅកន្លែងណាម្ដងទៀត»។ ការលើកឡើងនេះស្របទៅតាមការពិត ដែលកាលពីសប្ដាហ៍មុននេះ សំរាមនៅឯឧទ្យាន Khao Yai ត្រូវបានគេខ្ចប់ក្នុងប្រអប់ ហើយផ្ញើត្រឡប់ទៅឱ្យម្ចាស់ដើមវាវិញ ជាមួយនឹងសារដាស់តឿននៅក្នុងនោះផងដែរ។ អ្នកទេសចរមួយចំនួនទៀតក៏ត្រូវបានគេចោទប្រកាន់ថា បានស្រវឹងជោគ និងបង្កឱ្យមានសម្លេងរំខានជាច្រើននៅឧទ្យានជាតិ Namtok Samlan ដែលជាហេតុនាំឱ្យមានការចេញច្បាប់ថ្មីនេះឡើងមក៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger

Share This Post: