ក្រុមហ៊ុនផលិតយន្តហោះ Airbus បញ្ចេញគំរូយន្តហោះឥន្ធនៈអ៊ីដ្រូហ្សែនចំនួន ៣ ដើម្បីអនាគតនៃការហោះហើរគ្មានការបំភាយ
កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ក្រុមហ៊ុនផលិតយន្តហោះ Airbus បានបង្ហាញនូវគំរូ Concept យន្តហោះឥន្ធនៈអ៊ីដ្រូហ្សែនចំនួន ៣ ដែលខ្លួនបានអះអាងថា អាចចេញហោះហើរបាននៅឆ្នាំ២០៣៥។ ការរចនាដែលមានឈ្មោះថា «ZEROe» មានភាពខុសគ្នាទាំងទំហំ និងរចនាបថ ដោយសារវាដើរដោយអ៊ីដ្រូសែន និងក្នុងនាមជាយន្តហោះគ្មានការបំភាយ។ មួយក្នុងចំណោមពួកវានឹងបំពាក់ដោយម៉ាស៊ីន turbofan ដែលអាចផ្ទុកមនុស្សចន្លោះពី ១២០ ទៅ ២០០នាក់ និងអាចបើកបានចម្ងាយ ២,០០០ ម៉ាយ ឬ ៣,៧០០គីឡូម៉ែត្រ។

ការរចនាមួយផ្សេងទៀតក៏នឹងត្រូវបានបំពាក់ដោយម៉ាស៊ីន turbofan ដោយអាចបើកបានចម្ងាយជាង ១,០០០ ម៉ាយ ប៉ុន្តែដឹកអ្នកដំណើរបានតិចជាង។ ចំណែករចនាទី៣ ផ្តល់នូវចក្ខុវិស័យនៃយន្តហោះក្នុងពេលអនាគត ដោយវាអាចដឹកអ្នកដំណើរបានរហូតដល់ ២០០នាក់។ យ៉ាងណាក៏ដោយថ្វីបើការប្រើប្រាស់ថាមពលអ៊ីដ្រូហ្សែននៅក្នុងយន្ដហោះនៅតែមិនទាន់មានចេញជារូបរាងនៅឡើយនោះ ទម្រង់នៃការដឹកជញ្ជូនលើផ្លូវដីបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យានេះរួចទៅហើយ ទោះបីជាវានៅមានទំហំតូចក៏ដោយ។ ឧទាហរណ៍ឡានក្រុងអ៊ីដ្រូសែនត្រូវបានប្រើប្រាស់នៅទីក្រុងឡុង របស់ចក្រភពអង់គ្លេសជាដើម៕



អត្ថបទ៖ លីដា
ប្រភព៖ CNBC