ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ បានថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិថា ប្រទេសចិនត្រូវតែទទួលខុសត្រូវចំពោះការបែកធ្លាយជំងឺកូវីដ១៩

    BY autoadmin September 23, 2020
    លោក ដូណាល់ ត្រាំ បានថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិថា ប្រទេសចិនត្រូវតែទទួលខុសត្រូវចំពោះការបែកធ្លាយជំងឺកូវីដ១៩

    លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី២២ ខែកញ្ញា បានថ្លែងប្រាប់ទៅមហាសន្និបាតអង្គការសហប្រជាជាតិថា ពិភពលោកត្រូវតែឱ្យប្រទេសចិនទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ជុំវិញជំងឺរាតត្បាត COVID-19 ។ នៅក្នុងការប្រជុំប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានអនុញ្ញាតឱ្យមេរោគ COVID-19 បែកធ្លាយចេញពីប្រទេសចិន ចម្លងទៅកាន់ពិភពលោក។ លោកបាននិយាយថា៖ «អង្គការសហប្រជាជាតិត្រូវតែឱ្យចិនទទួលខុសត្រូវលើទង្វើរបស់ខ្លួន»។ លោក ដូណាល់ ត្រាំ ដែលកំពុងប្រឈមមុខនឹងការប្រកួតប្រជែងប្រធានាធិបតីដ៏លំបាក សម្រាប់ការបោះឆ្នោតនៅថ្ងៃទី០៣ ខែវិច្ឆិកា ខាងមុខនេះ បានព្យាយាមបង្វែរការរិះគន់លើការឆ្លើយតបចំពោះជំងឺ COVID-19 របស់គាត់ ដោយការបន្ទោសលើប្រទេសចិនវិញ។

    នៅក្នុងវីដេអូចាក់ផ្សាយតាមកញ្ចក់អេក្រង់ធំមួយ នៅក្នុងសាលមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះបាននិយាយថា៖«យើងត្រូវតែឱ្យប្រទេសដែលបញ្ចេញជំងឺនេះទៅពីភពលោកទទួលខុសត្រូវ»។ ដោយបានបន្ថែមថា ប្រទេសចិនមើលឃើញតែប្រយោជន៍ខ្លួនឯង នៅពេលដែលជំងឺសាហាវមួយនេះបានឆ្លងនៅក្រុង Wuhan កាលពីចុងឆ្នាំមុន។ លោក ដូណាល់ ត្រាំ និយាយថា៖ «រដ្ឋាភិបាលចិន និងអង្គការសុខភាពពិភពលោក ដែលត្រូវបានគ្រប់គ្រងដោយប្រទេសចិន ធ្លាប់បានប្រកាសទាំងមិនពិតថា មិនមានភស្តុតាងនៃការចម្លងពីមនុស្សទៅមនុស្សទេ។ ហើយក្រោយមកទៀត បាននិយាយទាំងមិនពិតថា អ្នកមិនចេញរោគសញ្ញាមិនអាចចម្លងទៅអ្នកផ្សេងបានទេ»៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: