អន្តរជាតិ

ក្រុមអ្នករកស៊ីផ្លូវភេទថៃដាក់ញត្តិទៅកាន់រដ្ឋាភិបាលទាមទារាឲ្យមានការលើកលែងទោស និងលុបចោលរាល់ការពិន័យចំពោះការងារពួកគេ

BY
autoadmin
September 24, 2020

ថៃ៖ ក្រុមអ្នករកស៊ីផ្លូវភេទនៅក្នុងប្រទេសថៃបាននាំគ្នាដាក់ញតិ្តទៅកាន់រដ្ឋាភិបាលថៃដើម្បីទាមភាពស្របច្បាប់នៃការងាររបស់ពួកគេនិងជំរុញឲ្យអាជ្ញាធរថៃលុបចោលរាល់ការផាកពិន័យផ្សេងៗទាក់ទងនឹងសកម្មភាពផ្តល់សេវាផ្លូវភេទ។ មូលនិធិ Empower Foundation ដែលជាក្រុមសកម្មជនគាំទ្រអ្នករកស៊ីផ្លូវភេទក្នុងប្រទេសថៃបានប្រាប់សារព័ត៌មាន Bangkok Post ថា ពួកគេគ្រោងនឹងប្រមូលស្នាមមេដៃឬហត្ថលេខាឲ្យបានចំនួន ១០ ០០០ សម្រាប់ដាក់ញត្តិជូនទៅកាន់រដ្ឋសភាដើម្បីឲ្យសមាជិកសភាទាំងអស់ពិចារណាឡើងក្នុងការធ្វើវិសោធនកម្មលើច្បាប់ពេស្យាកម្ម ដែលបានដាក់សម្ពាធយ៉ាងខ្លាំងមកលើក្រុមអ្នករកស៊ីផ្លូវភេទនាពេលកន្លង។

សូមបញ្ជាក់ថា ថៃបានចាប់ផ្តើមអនុវត្តច្បាប់ពេស្យាកម្មកាលពីឆ្នាំ ១៩៦០ ដោយតាមច្បាប់នេះបានកំណត់ថា ជនណាដែលបានផ្ដល់សេវាក​ម្មផ្លូវភេទនឹងត្រូវពិន័យជាប្រាក់ចំនួន ៤០ ០០០ បាត (១ ២៧០ ដុល្លារអាមេរិក) ឬជាប់គុករយៈពេល ២ ឆ្នាំ ឬត្រូវអនុវត្តទាំងជាប់គុកពិន័យជាប្រាក់ព្រមគ្នាតែម្តង ខណៈអ្នកទិញសេវាផ្លូវភេទចំពោះក្មេងមិនទាន់គ្រប់អាយុអាចជាប់គុកដល់ ៦ ឆ្នាំ។

បើតាមអ្នកស្រី Mai Junta តំណាងមូលនិធិ Empower Foundation បានឲ្យដឹងថា ការអនុវត្តច្បាប់ខាងលើនេះបានធ្វើឲ្យប៉ះពាល់ដល់ក្រុមអ្នករកស៊ីផ្លូវភេទប្រមាណជា ៨០% ដែលពួកគេគឺម្តាយត្រូវចិញ្ចឹមកូន​ ឬបុគ្គលសំខាន់ក្នុងការរកលុយចិញ្ចឹមគ្រួសារ។ ជាក់ស្តែងបើយោងតាមរបាយការណ៍មួយបានបង្ហាញថា កាលពីឆ្នាំកន្លងទៅនេះមានក្រុមអ្នករកស៊ីផ្លូវភេទច្រើនជាង ២៤ ០០០ នាក់ ត្រូវបានប៉ូលិសចាប់ខ្លួននិងធ្វើការផាកពិន័យជាប្រាក់។

សូមបញ្ជាក់ផងដែរថា របាយការណ៍មួយរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍កាលពីឆ្នាំ ២០១៤ បានរកឃើញថា នៅក្នុងប្រទេសថៃមានអ្នករកស៊ីផ្លូវភេទប្រមាណជា ១២៣ ៥៣០ នាក់ (ចំនួនអាចកើនខ្ពស់ជាងនេះបើគិតដល់ពេលបច្ចុបន្ន) ហើយបើទោះជាការពិតគេបានមើលឃើញថា ឧស្សាហកម្មផ្លូវភេទក្នុងប្រទេសថៃមានទំហំធំនិងអាចបង្កើនប្រាក់ចំណូលសម្រាប់ជាតិយ៉ាងច្រើនក៏ដោយ តែប្រទេសមួយនេះនៅមិនទាន់មានច្បាប់ឬយន្តការណាមួយសម្រាប់ការពារក្រុមអ្នករកស៊ីផ្លូវភេទនៅឡើយទេ៕

អត្ថបទ៖ភក្តី

ប្រភព៖ Bangkok Post

Share This Post: