អន្តរជាតិ

លោក ពូទីន ស្នើផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ FREE ជូនបុគ្គលិកអង្គការសហប្រជាជាតិ

BY
autoadmin
September 23, 2020

ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឱ្យមានកិច្ចប្រជុំកំពូលមួយ ស្តីពីការអភិវឌ្ឍរួមគ្នានៃវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ។ លោកក៏បានស្នើផ្តល់ Sputnik V ដែលជាវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដំបូងរបស់រុស្ស៊ី ជូនដល់បុគ្គលិកអង្គការសហប្រជាជាតិដោយឥតគិតថ្លៃផងដែរ។ គួរឱ្យដឹងដែរថាមហាសន្និបាតនេះ បានប្រារព្ធឡើងកាលពីថ្ងៃអង្គារ ហើយការធ្វើសន្ទរកថារបស់លោក វ្ល៉ាឌីមៀ ពូទីន គីផ្ដោតសំខាន់លើជំងឺរាតត្បាត COVID-19 ។

លោកបាននិយាយថា៖«យើងទាំងអស់គ្នាបានប្រឈមនឹងបញ្ហាថ្មីជាមូលដ្ឋាន គឺការឆ្លងរាលដាលនៃជំងឺ COVID-19 ។ ជំងឺនេះបានជះឥទ្ធិពលដោយផ្ទាល់ទៅលើមនុស្សរាប់លាននាក់ ហើយបានឆក់យករបស់ដែលមានតម្លៃបំផុត គឺជីវិតមនុស្សរាប់រយរាប់ពាន់នាក់។ ការធ្វើចត្តាឡីស័ក ការបិទព្រំដែន ការបង្កើតបញ្ហាជាច្រើនសម្រាប់ពលរដ្ឋនៃប្រទេសស្ទើរតែទាំងអស់ អ្វីៗទាំងអស់នេះគឺជាការពិតដែលកំពុងមានសព្វថ្ងៃនេះ»។

លោកបាននិយាយថា មេដឹកនាំពិភពលោកដែលចាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវ៉ាក់សាំង COVID-19 គួរតែជួបនិងពិភាក្សាពីការទប់ស្កាត់ជំងឺដែលអាចសម្លាប់មនុស្សនេះ ហើយធ្វើឱ្យវ៉ាក់សាំងអាចទទួលយកបានដោយសេរីសម្រាប់មនុស្សគ្រប់គ្នា ដោយហៅវាថាជាអាទិភាពកំពូលសម្រាប់មនុស្សជាតិទាំងមូល។ លោកពូទីនបានសង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ីគឺជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានចុះបញ្ជីវ៉ាក់សាំង Sputnik V ដែលបានបង្ហាញថា វាអាចទុកចិត្តបាន មានសុវត្ថិភាព និងមានប្រសិទ្ធិភាព ហើយត្រៀមខ្លួនផ្តល់ជំនួយទាំងអស់ដែលត្រូវការ។

ដោយកត់សម្គាល់ថា ជំងឺនេះបានប៉ះពាល់ដល់បុគ្គលិកអង្គការសហប្រជាជាតិរួចមក លោក ពូទីន ក៏បានស្នើផ្តល់ជំនួយដល់អង្គការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ លោកបាននិយាយថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់វ៉ាក់សាំង Sputnik V ដោយឥតគិតថ្លៃ ជូនដល់បុគ្គលិកអង្គការសហប្រជាជាតិណាមួយដែលមានឆន្ទៈក្នុងការចាក់វ៉ាក់សាំង។ ចំណែកអង្គការសហប្រជាជាតិបានឆ្លើយតបដោយការអរគុណប្រធានាធិបតីរុស្ស៊ីចំពោះ «ការផ្តល់ដ៏សប្បុរស» ដោយសន្យាថា នឹងពិនិត្យមើលវាបន្ថែមទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ RT

Share This Post: