ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋកាលីហ្វ័រញ៉ាចេញបទបញ្ជាថ្មីមួយ ដោយហាមមិនឱ្យមានការលក់រថយន្តស៊ីសាំងនោះឡើយ

    BY autoadmin September 25, 2020
    រដ្ឋកាលីហ្វ័រញ៉ាចេញបទបញ្ជាថ្មីមួយ ដោយហាមមិនឱ្យមានការលក់រថយន្តស៊ីសាំងនោះឡើយ

    អភិបាលរដ្ឋកាលីហ្វ័រញ៉ាបានចេញបទបញ្ជាប្រតិបត្តិមួយ​ ដែលតម្រូវឱ្យរថយន្តថ្មី និងរថយន្តដឹកអ្នកដំណើរទាំងអស់ដែលលក់នៅក្នុងរដ្ឋ ត្រូវតែជារថយន្តគ្មានការបំភាយនៅឆ្នាំ២០៣៥។​ លោក Gavin Newsom បានចុះហត្ថលេខាលើបទបញ្ជានេះកាលពីថ្ងៃពុធ ដូច្នេះរដ្ឋនឹងហាមឃាត់រាល់ការលក់រថយន្តសាំង និងម៉ាស៊ូតថ្មីនៅក្នុងរដ្ឋតាមឆ្នាំគោលដៅ។ ប៉ុន្តែយ៉ាងណាបទបញ្ជានេះនឹងនៅតែអនុញ្ញាតឱ្យប្រជាជន អាចធ្វើជាម្ចាស់រថយន្តសាំងដែលពួកគេបានទិញមុនពេលការហាមឃាត់ចូលជាធរមាន។ វាក៏នឹងអនុញ្ញាតឱ្យមានការលក់រថយន្តបែបនេះ នៅលើទីផ្សារមួយទឹកផងដែរ។

    កាលីហ្វ័រញ៉ាត្រូវបានគេជឿជាក់ថា ជារដ្ឋដំបូងគេរបស់សហរដ្ឋអាមេរិកដែលហាមឃាត់រថយន្តប្រេងសាំង និងរថយន្តម៉ាស៊ូត ដើម្បីប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ លោក Newsom បានហៅវិធានការនេះថាជា៖«ជំហានដែលមានឥទ្ធិពលបំផុត» ដែលរដ្ឋកាលីហ្វ័រញ៉ាអាចអនុវត្ត ដើម្បីប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ គោលនយោបាយស្រដៀងគ្នានេះមានរួចហើយនៅអឺរ៉ុប ដូចជាប្រទេសអង់គ្លេសគ្រោងនឹងហាមឃាត់ការលក់ប្រេងសាំង ម៉ាស៊ូត និងរថយន្តកូនកាត់ថ្មីនៅឆ្នាំ២០៣៥។ បារាំងក៏នឹងហាមឃាត់ការលក់រថយន្តសាំង និងម៉ាស៊ូតថ្មី នៅឆ្នាំ២០៤០ ផងដែរ។

    ក្រុមអ្នកវិភាគនិយាយថា ចំណាត់ការនេះអាចបង្កឱ្យមានប្រតិកម្មតបពីប្រធានាធិបតី ដូណាល់ ត្រាំ ដែលជាមនុស្សផ្តល់អាទិភាពដល់កំណើនសេដ្ឋកិច្ច។ គាត់ក៏កំពុងមានទំនាស់ជាមួយរដ្ឋកាលីហ្វ័រញ៉ា ចំពោះបទប្បញ្ញត្តិដ៏តឹងរឹងរបស់រដ្ឋស្តីពីការបំភាយឧស្ម័ន។ គួរឱ្យដឹងដែរថា សព្វថ្ងៃកាលីហ្វ័រញ៉ាកំពុងប្រឈមនឹងភ្លើងឆេះព្រៃដ៏ធំ ដែលត្រូវបានប្រហារដោយខ្យល់ស្ងួត និងលក្ខខណ្ឌបរិយាកាសផ្សេងទៀត ដែលអ្នកវិទ្យាសាស្ដ្របន្ទោសវាទៅលើការប្រែប្រួលអាកាសធាតុ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: