ក្រុមហ៊ុនឱសថ Sinovac និយាយថា ប្រទេសដែលកំពុងធ្វើតេស្ដវ៉ាក់សាំងដែលខ្លួនបង្កើត នឹងអាចមានសិទ្ធិទទួលបានវ៉ាក់សាំងនេះដំណាលប្រទេសចិនដែរ
ក្រុមហ៊ុនអភិវឌ្ឍន៍វ៉ាក់សាំងចិន Sinovac Biotech Ltd បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនានាដែលកំពុងដំណើរការសាកល្បងដំណាក់កាលចុងក្រោយ ជាមួយវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលខ្លួនផលិត ដូចជាប្រទេសប្រេស៊ីល ឥណ្ឌូណេស៊ី និងទួរគី នឹងទទួលបានវ៉ាក់សាំងនេះក្នុងពេលតែមួយជាមួយប្រទេសចិន នៅពេលដែលវ៉ាក់សាំងសម្រេចចេញជាផ្លូវការ ដោយបញ្ជាក់ពីរបៀបដែលកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំង អាចពង្រឹងចំណងការទូតនៅក្នុងយុគសម័យ COVID-19 ។

វ៉ាក់សាំងរបស់ Sinovac គឺជាវ៉ាក់សាំងរបស់ចិន ១ ក្នុងចំណោម ៣ ដែលកំពុងឈានដល់ដំណាក់កាលទី៣ ឬចុងក្រោយនេះ ដូច្នេះខ្លួននឹងផ្តល់អាទិភាពដល់បណ្តាប្រទេសដែលធ្វើការសាកល្បងដំណាក់កាលទី៣ របស់ខ្លួន ហើយបន្ទាប់មកផ្តល់ជូននូវតំបន់នានាដែលរងការវាយប្រហារដោយវីរុសនេះ។ ក្រុមហ៊ុន Sinovac ក៏រំពឹងថានឹងមានទិន្នន័យនៅខែវិច្ឆិកា បន្ទាប់ពីការសាកល្បងដំណាក់កាលទី៣ របស់ខ្លួន លើមនុស្សជិត ១០,០០០នាក់ នៅក្នុងប្រទេសប្រេស៊ីល។ បន្ទាប់មកវានឹងស្វែងរកការអនុម័តបទប្បញ្ញត្តិទាំងនៅក្នុងប្រទេសចិន និងប្រេស៊ីល សម្រាប់ការប្រើប្រាស់ទូទៅនៃវ៉ាក់សាំងនៅចុងឆ្នាំ។ក្រុមហ៊ុនក៏គ្រោងនឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំងលើកុមារផងដែរ ហើយកម្រិតថ្នាំរបស់វាអាចរក្សាស្ថេរភាពបានរហូតដល់ ២៨ថ្ងៃ នៅកម្រិត ៣៧ អង្សាសេ ដែលជួយបង្កើនសមត្ថភាពចែកចាយក្នុងប្រទេសកំពុងអភិវឌ្ឍន៍៕

អត្ថបទ៖ លីដា
ប្រភព៖ Bangkok Post