ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រមុខអង្គការសហប្រជាជាតិ ជម្រុញឱ្យរដ្ឋាភិបាលនានាជុំវិញពិភពលោក​ កាត់បន្ថយការបំភាយកាបូន

    BY autoadmin September 25, 2020
    ប្រមុខអង្គការសហប្រជាជាតិ ជម្រុញឱ្យរដ្ឋាភិបាលនានាជុំវិញពិភពលោក​ កាត់បន្ថយការបំភាយកាបូន

    ប្រមុខអង្គការសហប្រជាជាតិបានជំរុញឱ្យរដ្ឋាភិបាលនៅជុំវិញពិភពលោក បញ្ឈប់ការផ្តល់ឧបត្ថម្ភធនដល់ឧស្សាហកម្មឥន្ធនៈផូស៊ីល និងជំនួសឱ្យការវិនិយោគលើការងារសម្រាប់ប្រជាជនក្រីក្រ។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានធ្វើអត្ថាធិប្បាយនៅក្នុងសន្និសីទតាមអ៊ិនធឺណេតកាលពីថ្ងៃព្រហស្បតិ៍ ដោយលោកបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ស្របពេលជាមួយនឹងសុន្ទរកថាជាច្រើន ដែលថ្លែងដោយមេដឹកនាំជាតិនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។

    អ្នកចូលរួមរួមមានមេដឹកនាំរដ្ឋាភិបាល​ ដូចជាប្រធានាធិបតីឈីលីលោក Sebastian Pinera និងនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ។ នាយកប្រតិបត្តិពីក្រុមហ៊ុន Microsoft និងក្រុមហ៊ុនធំៗផ្សេងទៀត​ ក៏បានចូលរួមកិច្ចប្រជុំនេះផងដែរ។ លោក Guterres បាននិយាយថា​ គាត់ត្រូវបានជំរុញចិត្តដោយសេចក្តីប្រកាសថ្មីៗរបស់សហភាពអឺរ៉ុប និងចិន ស្តីពីគោលដៅនៃការកាត់បន្ថយការបំភាយកាបូន។

    ក្នុងនោះប្រធានគណៈកម្មការអឺរ៉ុបលោក Ursula von der Leyen កាលពីសប្តាហ៍មុន​ បានស្នើកាត់បន្ថយយ៉ាងហោចណាស់ ៥៥% នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ពីកម្រិតឆ្នាំ១៩៩០ នៅត្រឹមឆ្នាំ២០៣០។ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីដើមសប្តាហ៍នេះ ក៏បានសន្យាថា នឹងធ្វើឱ្យអព្យាក្រឹតកាបូននៅឆ្នាំ២០៦០ ដូចគ្នា។​ លោក Guterres បានសម្តែងក្តីសង្ឃឹមថា ប្រជាជាតិទាំងអស់នឹងបង្ហាញផែនការសកម្មភាពនៅឆ្នាំនេះ ដើម្បីជួយសម្រេចគោលដៅរបស់អង្គការសហប្រជាជាតិ នៃការបំភាយពាក់កណ្តាលនៅឆ្នាំ២០៣០ និងឈានដល់ការបំភាយសូន្យនៅឆ្នាំ២០៥០៕

    អត្ថបទ៖​ លីដា
    ប្រភព៖ NHK

    Share This Post: