ថៃគ្រោងប្រើថវិកាជាតិ ៤.៤ លានបាត ដើម្បីលើកកម្ពស់ភ្លេងជាតិនៅទូទាំងប្រទេស ខណៈពលរដ្ឋនាំគ្នារិះគន់ថាវាមិនចាំបាច់
ថៃ៖ រដ្ឋាភិបាលថៃគ្រោងគ្រោងនឹងប្រើប្រាស់កញ្ចប់ថវិកាចំនួន ៤.៤ លានបាត (១៣៩,៥៨០ ដុល្លារអាមេរិក) លើគម្រោងលើកកម្ពស់ភ្លេងជាតិរបស់ខ្លួននៅទូទាំងស្រុកក្នុងប្រទេសថៃក្នុងទិវាទង់ជាតិខាងមុននេះ។ បើតាមគម្រោងរដ្ឋាភិបាលថៃនឹងតម្រូវឲ្យគ្រប់ស្រុកទាំងអស់ដែលមានចំនួន ៨៧៨ ស្រុក ត្រូវរៀបរៀបចំឲ្យមានការបង្ហូតទង់ជាតិនៅតាមទីសាធារណៈនៅព្រឹកថ្ងៃច័ន្ទម៉ោង ៨ និងល្ងាចម៉ោង ៦ ដើម្បីឲ្យសាធារណៈជនទាំងអស់បានស្ដាប់ឮភ្លេងជាតិនៃប្រទេសថៃ។ ដើម្បីអនុវត្តគម្រោងនេះរដ្ឋាភិបាលថៃនឹងផ្តល់ប្រាក់ចំនួន ៥,០០០ បាត (១៥៨ ដុល្លារអាមេរិក) ទៅកាន់ស្រុកនីមួយសម្រាប់ចំណាយលើការទិញសម្ភារៈ សម្រាប់ការធ្វើដំណើរ និងសម្រាប់ទិញចំណីអាហារជូនក្រុមការងារដែលត្រូវចុះអនុវត្តរឿងនេះដោយផ្ទាល់។

យ៉ាងណាក្តីគម្រោងមួយនេះត្រូវរងនូវការរិះគន់យ៉ាងខ្លាំងពីសាធារណៈជនដោយពលរដ្ឋថៃបានលើកឡើងថា ភ្លេងជាតិត្រូវបានចាក់ទៅតាមសាលារៀនរាល់ព្រឹក និងបានចាក់តាមកញ្ចក់ទូរទស្សន៍រាល់ថ្ងៃ ហើយពលរដ្ឋថៃគ្រប់រូបសុទ្ធតែធ្លាប់បានឮបទនេះរួចទៅហើយ ហេតុអ្វីរដ្ឋាភិបាលត្រូវចំណាយលុយលើបញ្ហានេះទៀត។ ក្រុមអ្នករិះគន់បានបន្តថា គម្រោងនេះគឺជាការចាយលុយខ្ជះខ្ជាយមិនចំគោលដៅទាល់តែសោះ បើទោះជាទំហំថវិកាជាតិខាងលើនេះមិនមានទំហំច្រើនណាស់ណាក៏ដោយ៕
អត្ថបទ៖ ភក្តី
ប្រភព៖ coconuts