មេដឹកនាំលោក គីម ជុងអ៊ុន បានចេញលិខិតសុំទោសដ៏កម្រមួយ សម្រាប់ការបាញ់សម្លាប់ពលរដ្ឋកូរ៉េខាងត្បូងម្នាក់ ក្រោមវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩
យោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា លោក គីម ជុងអ៊ុន បានចេញលិខិតសុំទោសដ៏កម្រមួយ ចំពោះការស្លាប់របស់មន្ត្រីកូរ៉េខាងត្បូងម្នាក់ ដែលមានអាយុ ៤៧ឆ្នាំ នៅពេលដែលគាត់បានចូលដល់ដែនទឹករបស់កូរ៉េខាងជើង។ តាមរបាយការណ៍ឱ្យដឹងថា លោក គីម ជុងអ៊ុន បានប្រាប់សមភាគីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន ថា លោកមានការសោកស្ដាយ ហើយឧប្បត្តិហេតុនោះមិនគួរកើតឡើងនោះទេ។

ជម្រាបដែរថា ព្រំដែនរវាងកូរ៉េទាំងពីរមានលក្ខណៈតឹងរ៉ឹង ហើយខាងជើងត្រូវបានគេគិតថា មានគោលនយោបាយ «បាញ់សម្លាប់ចោល» នៅហ្នឹងកន្លែង ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺ COVID-19 ។ ចំណែកការសុំអភ័យទោសត្រូវបានធ្វើឡើងតាមទម្រង់នៃលិខិតមួយ ផ្ញើទៅកាន់ប្រធានាធិបតី មូន ជេអ៊ីន។
ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់បានដកស្រង់សម្តីពីវិមានខៀវរបស់ខាងត្បូងថា លោក គីម ជុងអ៊ុន មានការសោកស្ដាយដែលធ្វើឱ្យលោក មូន ជេអ៊ីន មានការខកចិត្តចំពោះទង្វើនេះ ហើយកូរ៉េខាងជើងក៏បានបញ្ចេញរបាយការណ៍បញ្ជាក់ដែរថា បុរសនោះត្រូវបានទាហានកូរ៉េខាងជើងបាញ់ចំនួន ១០គ្រាប់ ហើយសាកសពរបស់គាត់មិនទាន់បានដុតចោលនៅឡើយទេ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC