ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ប្រាប់ប៉ាគីស្ថានឱ្យបញ្ឈប់ការចេញប័ណ្ណបើកបរយន្តហោះជាបន្ទាន់ ក្រោយមានរឿងអាស្រូវពីឡុតជាច្រើនកាន់ប័ណ្ណក្លែងក្លាយ

    BY autoadmin September 25, 2020
    អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ប្រាប់ប៉ាគីស្ថានឱ្យបញ្ឈប់ការចេញប័ណ្ណបើកបរយន្តហោះជាបន្ទាន់ ក្រោយមានរឿងអាស្រូវពីឡុតជាច្រើនកាន់ប័ណ្ណក្លែងក្លាយ

    អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) បានណែនាំប្រទេសប៉ាគីស្ថានឱ្យចាត់វិធានការកែតម្រូវជាបន្ទាន់ និងបញ្ឈប់ការចេញប័ណ្ណបើកយន្តហោះថ្មីណាមួយ បន្ទាប់ពីមានរឿងអាស្រូវទាក់ទងនឹងអាជ្ញាប័ណ្ណក្លែងក្លាយ។ អនុសាសន៍ពីទីភ្នាក់ងារ ICAO ដែលជាទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ ដែលធ្វើការដើម្បីធានាសុវត្ថិភាពក្នុងការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ បានកើតឡើងបន្ទាប់ពីប្រទេសប៉ាគីស្ថានបានបើកការស៊ើបអង្កេតព្រហ្មទណ្ឌលើអាកាសយានិកចំនួន ៥០នាក់ និងមន្រ្តីអាកាសចរណ៍ស៊ីវិលចំនួន ៥នាក់ ដែលបានជួយឱ្យមានការក្លែងបន្លំលិខិតសម្គាល់ ដើម្បីទទួលបានប័ណ្ណបើកយន្តហោះ។

    យ៉ាងណាមិញមន្ត្រីក្រសួងអាកាសចរណ៍ប៉ាគីស្ថានបានប្រាប់រ៉យទ័រថា ប្រទេសនេះមិនបានចេញប័ណ្ណបើកបរយន្តហោះថ្មីទេ ចាប់តាំងពីខែកក្កដា បន្ទាប់ពីមានរឿងអាស្រូវ។ តំណាង ICAO បានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មានលម្អិតជាក់លាក់ទេ ប៉ុន្តែបាននិយាយនៅក្នុងអ៊ីមែលថា ICAO កំពុងជួយប៉ាគីស្ថានពីបញ្ហានេះ ហើយប្រសិនបើពួកគេមិនចាត់វិធានការរហ័សទេនោះ យើងនឹងជូនដំណឹងដល់ប្រទេសផ្សេងទៀតយ៉ាងសកម្មអំពីពួកគេ។

    គួររំលឹកដែរថា រឿងអាស្រូវប័ណ្ណបើកបរយន្តហោះក្លែងក្លាយ បានធ្វើឱ្យឧស្សាហកម្មអាកាសចរណ៍របស់ប៉ាគីស្ថានធ្លាក់ចុះ ពិសេសប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថានអន្តរជាតិអ៊ែរឡាញ (PIA) ដែលត្រូវបានរារាំងមិនឱ្យហោះហើរចូលអឺរ៉ុប និងសហរដ្ឋអាមេរិកនោះឡើយ បន្ទាប់ពីមួយរយៈមុនមានការធ្លាក់យន្តហោះ ដោយសារពីឡុតគ្មានចំណេះច្បាស់លាស់នេះ។ ក្រៅពីការដកហូតប័ណ្ណបើកបររបស់អ្នកបើកយន្តហោះចំនួន ៥០នាក់ ប៉ាគីស្ថានក៏បានព្យួរការងារអ្នកបើកយន្តហោះចំនួន ៣២នាក់ ផ្សេងទៀតក្នុងរយៈពេលមួយឆ្នាំ ឆ្លើយតបបញ្ហារឿងអាស្រូវទាំងនេះផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: