យ៉ាងហោចណាស់មនុស្ស ២៥នាក់ បានស្លាប់ និង ២នាក់ របួសធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធាមួយនៅអ៊ុយក្រែន
ការិយាល័យរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែនបាននិយាយថា មនុស្សយ៉ាងតិច ២៥នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះ An-26 របស់កងទ័ពអាកាសអ៊ុយក្រែន នៅពេលចុះចតនៅឯអាកាសយានដ្ឋានក្នុងទីក្រុង Chuguev ក្នុងតំបន់ Kharkiv ភាគឦសាននៃប្រទេសនៅយប់ថ្ងៃសុក្រ។ យន្តហោះមានអ្នកដំណើរសរុប ២៨នាក់ ក្នុងនោះមានមនុស្ស ២នាក់ បានស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយការស្វែងរកអ្នកផ្សេងទៀតកំពុងដំណើរការ។

ទីភ្នាក់ងារសារព័ត៌មាន Interfax អ៊ុយក្រែនបានរាយការណ៍ថា ប្រធានរដ្ឋបាលតំបន់ Kharkiv លោក Oleksiy Kucher បានមកដល់កន្លែងធ្លាក់ភ្លាម។ យោងតាមលោក Kucher បានឱ្យដឹងថា មុនពេលយន្តហោះធ្លាក់អ្នកបើកបរយន្តហោះបានរាយការណ៍ថា ម៉ាស៊ីនខាងឆ្វេងរបស់យន្តហោះមិនដំណើរការ។ លោក Kucher បានកត់សម្គាល់ថា ស្ថានភាពបែបនេះមិនពិបាកសម្រាប់អ្នកបើកយន្តហោះដែលមានបទពិសោធន៍ទេ ហើយមូលហេតុពិតប្រាកដនៃសោកនាដកម្មត្រូវការការស៊ើបអង្កេតបន្ថែម៕



អត្ថបទ៖ លីដា
ប្រភព៖ CGTN