ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក៖ «អ្នកស្លាប់ដោយសារកូវីដ១៩ អាចកើនទ្វេដងដល់ ២លាននាក់ ទម្រាំមានវ៉ាក់សាំងអាចប្រើប្រាស់ផ្លូវការ»

    BY autoadmin September 26, 2020
    អង្គការសុខភាពពិភពលោក៖ «អ្នកស្លាប់ដោយសារកូវីដ១៩ អាចកើនទ្វេដងដល់ ២លាននាក់ ទម្រាំមានវ៉ាក់សាំងអាចប្រើប្រាស់ផ្លូវការ»

    មន្ត្រីអង្គការសុខភាពពិភពលោក នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា បាននិយាយថា ចំនួនអ្នកស្លាប់ជាសកលពីជំងឺ COVID-19 អាចកើនឡើងទ្វេដងដល់ ២លាននាក់ មុនពេលមានវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលអាចប្រើបានជាទូទៅ ហើយអាចនឹងមានចំនួនខ្ពស់ជាងនេះទៀត បើមិនមានសកម្មភាពរួមគ្នាដើម្បីទប់ស្កាត់ជំងឺរាតត្បាត។ លោក Mike Ryan ប្រធានកម្មវិធីបន្ទាន់របស់ WHO បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃសុក្រថា៖«លើកលែងតែយើងចូលរួមទាំងអស់គ្នា (ការស្លាប់២លាននាក់) …មិនគ្រាន់តែជាការស្រមើលស្រមៃប៉ុណ្ណោះទេ ប៉ុន្តែគួរឱ្យសោកស្តាយណាស់»។

    គិតត្រឹមរយៈពេលតែ ៩ខែ នៃការរាលដាលជំងឺ COVID-19 ពិភពលោកមានអ្នកស្លាប់ដោយសារជំងឺនេះជិត ១លាននាក់ ខណៈលោក Mike Ryan មានប្រសាសន៍ថា យើងមិនទាន់រួចពីគ្រោះថ្នាក់ត្រឹមប៉ុណ្ណឹងទេ។ លោកបានបន្ថែមថា ការរីករាលដាលជំងឺ COVID-19 បន្ថែមនាពេលថ្មីៗនេះ នៅក្រោយពីពិភពលោកមានការបន្ធូរបន្ថយការរឹតត្បឹតវិញ គឺមិនគួរបន្ទោសលើក្មេងៗឡើយ ពោលគឺការជួបជុំក្នុងចំនួនច្រើនពីគ្រប់ក្រុមអាយុ បានធ្វើឱ្យមានការកើនឡើងនៃការឆ្លងថ្មីៗទាំងនេះ។

    អង្គការសុខភាពពិភពលោកក៏កំពុងបន្តពិភាក្សាជាមួយប្រទេសចិន អំពីការចូលរួមរបស់ខ្លួននៅក្នុងគម្រោងហិរញ្ញប្បទានកម្មវិធី COVAX ដែលត្រូវបានបង្កើតឡើងដើម្បីធានាបាននូវការទទួលបានវ៉ាក់សាំង COVID-19 យ៉ាងឆាប់រហ័ស និងសមធម៌ទូទាំងពិភពលោកផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: