Manny Pacquiao នឹងឡើងប្រកួតជាមួយ Conor McGregor នៅឆ្នាំក្រោយ ដើម្បីយកលុយជួយជនរងគ្រោះដោយសារជំងឺកូវីដ១៩ នៅហ្វីលីពីន
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera បានឱ្យដឹងថា កីឡាករប្រដាល់ហ្វីលីពីនលោក Manny Pacquiao នឹងត្រូវជួបប្រកួតជាមួយអតីតម្ចាស់ជើងឯក UFC លោក Conor McGregor ក្នុងសង្វៀនប្រដាល់នៅឆ្នាំក្រោយនេះ ហើយប្រាក់ដែលបានពីការប្រកួតមួយចំនួន នឹងយកទៅជួយជនរងគ្រោះដែលជួបវិបត្តិដោយសារជំងឺ COVID-19 នៅក្នុងប្រទេសហ្វីលីពីន។ ជម្រាបដែរថា ហ្វីលីពីនជាប្រទេសមានការរីករាលដាលនៃជំងឺ COVID-19 អាក្រក់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ។

ឥឡូវនេះមេធាវីរបស់កីឡាករទាំងសងខាងបានស្រុះស្រួលគ្នារួចហើយ ប៉ុន្តែយ៉ាងណាវានឹងអាស្រ័យលើការរាតត្បាតនៃជំងឺ COVID-19 ។ ប្រសិនបើជំងឺ COVID-19 មានការស្រកចុះក្នុងកម្រិតមានសុវត្ថិភាព នោះកីឡាករទាំង ២ អាចនឹងត្រូវជួបគ្នានៅសង្វៀននៅឆ្នាំ២០២១ ខាងមុខនេះ។ រំលឹកដែរថា លោក Manny Pacquiao មិនដែលប្រកួតនោះទេចាប់តាំងពីការប្រកួត WBA welterweight ជាមួយនឹងការទទួលបានជ័យជម្នះគួរឱ្យភ្ញាក់ផ្អើលលើ Keith Thurman នៅទីក្រុងឡាសវេហ្គាស កាលពីខែកក្កដា ឆ្នាំ២០១៩៕


អត្ថបទ៖ លីដា
ប្រភព៖ Aljazeera