រថភ្លើងបុកជាមួយរថយន្តក្រុងដឹកអ្នកដំណើរទៅបុណ្យកឋិន បណ្តាលឲ្យស្លាប់ ១៨នាក់ និងរបួសជាង ៤០នាក់
ថៃ៖ យោងតាមការចុះផ្សាយរបស់ការសែត បាងកកប៉ុស្ដិ៍ បាននិយាយថា មានអ្នកដំណើរចំនួន ១៨នាក់ បានស្លាប់ និង ៤៤នាក់ បានរងរបួសកាលពីថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ នៅក្នុងហេតុការណ៍រថយន្តក្រុងបុកជាមួយរថភ្លើង នៅខេត្ត Chachoengsao ។ ការប៉ះទង្គិចគ្នានេះបានកើតឡើងនៅម៉ោងប្រហែល ៨ និង ៥ នាទីព្រឹក នៅចំណុចផ្លូវដែកក្បែរស្ថានីយរថភ្លើង Khlong Kwaeng Klan ចម្ងាយប្រហែល ៥០ គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុងបាងកក ប្រទេសថៃ។

រថភ្លើងដឹកទំនិញលេខ ៨៥២ ត្រូវបានគេដឹងថា បានធ្វើដំណើរពីស្ថានីយ Laem Chabang និង Hua Takhae ខណៈរថយន្តក្រុងមានអ្នកដំណើរសរុប ៦០នាក់ កំពុងធ្វើដំណើរទៅកាន់វត្ត Wat Bang Pla Nak សម្រាប់ពិធីបុណ្យកឋិន។ អភិបាលខេត្តលោក Maitree Tritilanond បានប្រាប់អ្នកយកព័ត៌មានថា ក្នុងចំណោមអ្នករងរបួសទាំង ៤៤នាក់ ដែលត្រូវបានបញ្ជូនទៅពេទ្យក្នុងស្រុក Muang មានអ្នករងរបួស ១៣នាក់ នៅកំពុងសម្រាកព្យាបាលរបួសនៅឡើយ។
រូបភាពដែលចែករំលែកដោយនាយកដ្ឋានរដ្ឋាភិបាលបានបង្ហាញថា រថយន្តក្រុងបានធ្វើដំណើរពីផ្លូវថ្នល់ចូលទៅខឿនផ្លូវរថភ្លើង មុនពេលដែលរថភ្លើងដឹកទំនិញពណ៌ខៀវបានជ្រុលទៅបុករថយន្តក្រុង។ រូបភាពពីក្រុមអ្នកជួយសង្គ្រោះបានបង្ហាញពីដែកនិងកម្ទេចកម្ទី ខណៈជនរងគ្រោះដេកនៅក្បែររថភ្លើង ហើយរបស់របស់របរនៅរាយប៉ាយពេញដី។
គួរឱ្យដឹងដែរថា គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសថៃឧស្សាហ៍កើតមាន ដែលធ្វើឲ្យប្រទេសនេះតែងតែឈរក្នុងកំពូលតារាងជាប្រទេសសម្បូរគ្រោះថ្នាក់បំផុតលើពិភពលោក ដោយការបើកបរលឿន បើកបរស្រវឹង ការអនុវត្តច្បាប់ខ្សោយ និងកត្តាផ្សេងៗ។ យោងតាមរបាយការណ៍ឆ្នាំ២០១៨ របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ថៃមានអត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ជាងគេទី២ លើពិភពលោក៕




អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍