ញូវយ៉កថែមស៍៖ លោក ដូណាល់ ត្រាំ បង់ពន្ធលើប្រាក់ចំណូលរបស់ខ្លួនត្រឹមតែ ៧៥០ដុល្លារ ប៉ុណ្ណោះ កាលពីឆ្នាំ២០១៦ និង ២០១៧
កាសែតញូវយ៉កថែមស៍និយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង់ពន្ធត្រឹមតែ ៧៥០ដុល្លារ នៅក្នុងពន្ធលើប្រាក់ចំណូលរបស់សហព័ន្ធ ទាំងនៅឆ្នាំ២០១៦ ដែលជាឆ្នាំលោកឈរឈ្មោះជាប្រធានាធិបតីអាមេរិក និងក្នុងឆ្នាំ២០១៧ ដែលជាឆ្នាំដំបូងរបស់លោកនៅសេតវិមាន។ កាសែតនិយាយថា ខ្លួនទទួលបានកំណត់ត្រាពន្ធរបស់លោក ដូណាល់ ត្រាំ និងក្រុមហ៊ុនរបស់លោក រយៈពេលជាងពីរទសវត្សរ៍មកនេះ ហើយក៏បានចោទប្រកាន់ផងដែរថា លោក ដូណាល់ ត្រាំ មិនបានបង់ពន្ធប្រាក់ចំណូលទាល់តែសោះ ១០ឆ្នាំ ក្នុងចំណោមរយៈពេល ១៥ឆ្នាំចុងក្រោយនេះ។

របាយការណ៍នោះក៏បានបញ្ជាក់ដែរថា មូលហេតុដែលគាត់មិនបានបង់ពន្ធភាគច្រើនគឺមកពីជំនួញខាតបង់ ពោលគឺខាតច្រើនជាងចំណូល។ ប៉ុន្តែយ៉ាងណាលោក ដូណាល់ ត្រាំ បានហៅវាថាជាព័ត៌មានមិនពិត និងបានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីរឿងនេះត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យថា៖«តាមពិតខ្ញុំបានបង់ពន្ធ ហើយអ្នកនឹងឃើញវា នៅពេលដែលរបាយការណ៍ពន្ធរួចរាល់ វាស្ថិតនៅក្រោមការធ្វើសវនកម្ម(វាយតម្លៃ) វាត្រូវបានធ្វើសវនកម្មអស់រយៈពេលជាយូរមកហើយ»។
លោក ដូណាល់ ត្រាំ ក៏ត្រូវបានគេនិយាយថា បានប្រឈមនឹងបញ្ហាច្បាប់ សម្រាប់ការបដិសេធមិនចែករំលែកឯកសារទាក់ទងនឹងទ្រព្យសម្បត្តិ និងអាជីវកម្មរបស់គាត់។ គាត់គឺជាប្រធានាធិបតីដំបូងចាប់តាំងពីទសវត្សឆ្នាំ១៩៧០ ដែលមិនឱ្យប្រកាសពន្ធរបស់គាត់ជាសាធារណៈនោះទេ ទោះបីជានេះមិនត្រូវបានតម្រូវដោយច្បាប់ក៏ដោយ។ ចំណែកកាសែតញូវយ៉កថែមស៍វិញបាននិយាយដែរថា ព័ត៌មាននៅក្នុងរបាយការណ៍របស់ខ្លួន ត្រូវបានផ្តល់ដោយប្រភពច្បាស់លាស់ត្រឹមត្រូវ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC, New York Times