ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋតិចសាសប្រកាសពីគ្រោះមហន្តរាយថ្មីមួយ បន្ទាប់ពីមានករណីកុមារស្លាប់ ដោយសារអាមីបស៊ីខួរក្បាលនៅក្នុងទឹក

    BY autoadmin September 29, 2020
    រដ្ឋតិចសាសប្រកាសពីគ្រោះមហន្តរាយថ្មីមួយ បន្ទាប់ពីមានករណីកុមារស្លាប់ ដោយសារអាមីបស៊ីខួរក្បាលនៅក្នុងទឹក

    រដ្ឋតិចសាសបានបង្កើនកិច្ចប្រឹងប្រែងដើម្បីទប់ទល់នឹងការគំរាមកំហែងថ្មី បង្កឡើងដោយអាមីបស៊ីខួរក្បាលម្យ៉ាង ដែលត្រូវបានរកឃើញនៅក្នុងការផ្គត់ផ្គង់ទឹកក្នុង Country របស់រដ្ឋ ដែលនាំឱ្យក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ ស្លាប់កាលពីដើមខែនេះ។ អភិបាលលោក Greg Abbott កាលពីថ្ងៃអាទិត្យ បានចេញសេចក្តីប្រកាសគ្រោះមហន្តរាយមួយ សម្រាប់ Brazoria County បន្ទាប់ពីអាមីបស៊ីខួរក្បាល Naegleria fowleri ត្រូវបានគេរកឃើញនៅក្នុងការផ្គត់ផ្គង់ទឹករបស់ទីក្រុង Lake Jackson នៅក្នុងតំបន់ទីប្រជុំជន Houston ។

    សត្វដែលមានកោសិកាតែមួយនេះ ត្រូវបានគេរកឃើញជាទូទៅនៅក្នុងទឹកសាបនិងដី ហើយជារឿយៗវាឆ្លងទៅមនុស្សនៅពេលវាចូលទៅក្នុងខ្លួនតាមរយៈច្រមុះ ដោយធ្វើដំណើរទៅកាន់ខួរក្បាល ដែលជាកន្លែងវានឹងបង្កការចម្លងមេរោគកម្រ និងបណ្ដាលឱ្យស្លាប់ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC)។ ទោះបីជាការឆ្លងមេរោគពី Naegleria fowleri គឺកម្រក៏ដោយ អត្រាមរណភាពរបស់វាគឺមានច្រើនជាង ៩៧% ។ យោងតាម ​​CDC បានឱ្យដឹងថា កន្លងមកមានតែមនុស្ស ៤នាក់ ក្នុងចំណោម ១៤៥នាក់ ដែលបានរស់រាន ចាប់ពីឆ្នាំ១៩៦២ ដល់ ២០១៨ ។

    មន្ត្រីនៅ Lake Jackson បានបើកការស៊ើបអង្កេតលើការផ្គត់ផ្គង់ទឹកក្នុងតំបន់ បន្ទាប់ពីត្រូវបានជូនដំណឹងអំពីករណីក្មេងប្រុសនៅដើមខែកញ្ញា។ មានការសង្ស័យទៅលើប្រភពទឹកចំនួន ២ នៅ Lake Jackson ដែលក្មេងប្រុសអាចនឹងបានប៉ះពាល់ ហើយការធ្វើតេស្តលើទឹកនៅទីតាំងទាំងនោះ និងទីតាំងផ្សេងទៀតបានរកឃើញអាមីប Naegleria fowleri នៅក្នុងសំណាក ៣ ក្នុងចំណោមសំណាកចំនួន ១១ ។ ឥឡូវនេះក្រុមមន្រ្តីកំពុងទទូចដល់ប្រជាជននៅតំបន់ឱ្យដាំទឹកជាមុន មុននឹងផឹក និងចម្អិនម្ហូប។ គួរឱ្យដឹងដែរថាអាមីបស៊ីខួរក្បាលនេះ ត្រូវបានគេរកឃើញនៅទូទាំងសហរដ្ឋអាមេរិក ក្នុងនោះរួមមាននៅ Arkansas, Louisiana និង Florida៕

    អត្ថបទ៖ លីដា
    ប្រភព៖ Aljazeera

    Share This Post: