មិនទាន់រួចដៃពីជំងឺកូវីដ១៩ផង ពេលនេះចិនត្រូវប្រកាសអាសន្នជាថ្មីម្តងទៀតក្រោយមានករណីអ្នកស្លាប់ ដោយសារជំងឺប៉េស្ត
ចិន៖ ខណៈកំពុងតែប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ ១៩ មិនទាន់រួចស្រួលបួល១០០%ផង ស្រាប់តែពេលនេះអាជ្ញាធរចិនត្រូវប្រកាសអាសន្នអំពីបញ្ហាជំងឺឆ្លងជាថ្មីម្តងទៀតក្រោយមានករណីក្មេងប្រុសអាយុ ៣ ឆ្នាំម្នាក់បានស្លាប់ដោយសារតែជំងឺប៉េស្ត។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ករណីស្លាប់របស់ក្មេងប្រុសខាងលើនេះត្រូវបានរកឃើញនៅក្នុងស្រុក Menghai ខេត្ត Yunnan ភាគខាងត្បូងប្រទេសចិន។

ក្មេងប្រុសរងគ្រោះត្រូវបានគេពិនិត្យរកឃើញថាបានឆ្លងជំងឺប៉េស្តកាលពីថ្ងៃអាទិត្យកន្លងទៅនេះ និងមានអាការៈធ្ងន់ធ្ងររហូតដល់ស្លាប់កាលពីថ្ងៃម្សិលមិញនេះតែម្តង។ គួររម្លឹកជូនថា ករណីស្លាប់របស់ក្មេងប្រុសរូបនេះមិនមែនករណីទី ១ សម្រាប់ចិនឡើយ ដោយកាលពីខែសីហាកន្លងទៅនេះ ចិនធ្លាប់បានរកឃើញករណីអ្នកស្លាប់ដោយជំងឺប៉េស្ត ២ ករណីរួចហើយ ដែលបានកើតឡើងនៅក្នុងតំបន់ស្វយ័ត Inner Mongolia។
បើតាមអាជ្ញាធរសុខាភិបាលចិនបានឲ្យដឹងថា គិតមកទល់នឹងពេលនេះជំងឺប៉េស្តបានកើតមាននៅក្នុងខេត្តចំនួន ១៧ ហើយក្នុងចំណោមខេត្តសរុបទាំង ២១ របស់ប្រទេសចិន។ សូមបញ្ជាក់ថា តាមប្រវត្តិសាស្រ្តជំងឺប៉េស្តត្រូវបានគេចាត់ទុកជាប្រភេទជំងឺឆ្លងដ៏កាចសាហាវមួយដោយកាលពីអំឡុងសតវត្សទី ១៤ ជំងឺមួយធ្លាប់បានសម្លាប់មនុស្សអស់ប្រមាណជា ១០០ លាននាក់ឯណោះ។ នៅចំពោះមុខស្ថានភាពនេះអាជ្ញាធរចិនបានសម្រេចប្រកាសអាសន្នកម្រិតទី ៤ នៅគ្រប់ទីតាំងដែលកំពុងមានការរាតត្បាតដោយជំងឺប៉េស្ត ដើម្បីឲ្យពលរដ្ឋបានដឹងនិងការពារខ្លួនពីជំងឺមួយនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail