ត្រីឆ្លាមប្រមាណ ៥០០,០០០ក្បាល អាចត្រូវគេសម្លាប់យកខ្លាញ់ថ្លើមរបស់វា ដើម្បីផ្សំធ្វើជាវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩
អ្នកអភិរក្សបានព្រមានថា ត្រីឆ្លាមប្រហែល ៥០០,០០០ ក្បាល អាចត្រូវបានគេសម្លាប់ដើម្បីយកខ្លាញ់ធម្មជាតិរបស់ពួកវា សម្រាប់ការផលិតវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ។ យោងតាមរបាយការណ៍បានឱ្យដឹងថា គ្រឿងផ្សំមួយដែលត្រូវបានប្រើក្នុងវ៉ាក់សាំង COVID-19 សក្ដានុពលមួយចំនួន គឺជា Squalene ដែលជាខ្លាញ់ធម្មជាតិផលិតនៅក្នុងថ្លើមរបស់ត្រីឆ្លាម។ សារធាតុ Squalene បច្ចុប្បន្ននេះ ត្រូវបានគេប្រើជាជំនួយធាតុផ្សំបង្កើនប្រសិទ្ធភាពរបស់វ៉ាក់សាំង ដោយវាបង្កើតការឆ្លើយតបនៃភាពស៊ាំបានខ្លាំងជាងមុន។

ក្រុមហ៊ុនផលិតថ្នាំ GlaxoSmithKline របស់ចក្រភពអង់គ្លេសត្រូវបានគេដឹងថា បានប្រើ Squalene នៅក្នុងវ៉ាក់សាំងប្រឆាំងជំងឺផ្តាសាយរបស់ខ្លួនផងដែរ។ តាមសេចក្តីរាយការណ៍ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងផលិតនូវសារធាតុបន្ថែមនេះចំនួនមួយពាន់លានដូស សម្រាប់ការប្រើប្រាស់នៅក្នុងវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ក្នុងខែឧសភា។ ជម្រាបដែរថា Squalene មួយតោន ត្រូវយកចេញពីត្រីឆ្លាមជិត ៣,០០០ ក្បាល ។
ក្រុមអ្នកអភិរក្ស Shark Allies ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាមានការព្រួយបារម្ភ និងបានលើកឡើងថា៖«ប្រសិនបើប្រជាជនពិភពលោកទទួលវ៉ាក់សាំង COVID-19 ដែលមានផ្ទុកនូវខ្លាញ់ថ្លើមត្រីឆ្លាម នោះត្រីឆ្លាមប្រហែល ២៥០,០០០ ក្បាល នឹងត្រូវគេសម្លាប់ ឬទ្វេដងនៃចំនួននេះ ដោយអាស្រ័យលើបរិមាណសារធាតុ Squalene ដែលបានប្រើ»។ ក្រុមនេះក៏បានដាក់ញត្តិក្នុង Change.org ដើម្បីស្នើឱ្យមានការបញ្ឈប់ការប្រើប្រាស់ Squalene ឬ ខ្លាញ់ថ្លើមត្រីឆ្លាម នៅក្នុងការផលិតវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ India Times